ប្រតិភូជាន់ខ្ពស់នៃបេសកកម្មរបស់ប្រទេសចិន ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក WTO បាននិយាយថា ទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម រួមទាំងការដំឡើងពន្ធ និងការឧបត្ថម្ភធន ដែលទីក្រុងវ៉ាស៊ីនតោន បានកំណត់ថាជាឧបសគ្គក្នុងការធ្វើកំណែទម្រង់អង្គការ WTO។

ប្រតិភូនិយាយថា ចិន បានឮ "គ្រប់ពាក្យ" ដែលអាមេរិក បាននិយាយនៅឯ WTO អំពីការអនុវត្តពាណិជ្ជកម្មរបស់ចិន ហើយបើកចំហដើម្បីពិភាក្សាអំពីពន្ធ គោលនយោបាយឧស្សាហកម្ម និងអត្ថប្រយោជន៍មួយចំនួនដែលចិនទទួលបានដោយសារស្ថានភាពប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចសន្ទនាទូលំទូលាយលើកំណែទម្រង់មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០២៦ នៅប្រទេសកាមេរូន។
ការលើកឡើងរបស់ប្រតិភូរូបនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាច្រើនខែរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកទាំងពីរ ជុំវិញការដំឡើងពន្ធយ៉ាងទូលំទូលាយដែលដាក់ដោយសហរដ្ឋអាមេរិក និងវិធានការសងសឹកវិញដោយប្រទេសចិន។
ទីក្រុងវ៉ាស៊ីនតោនអះអាងថា មិនអាចមានកំណែទម្រង់ WTO ដ៏មានអត្ថន័យបានទេ រហូតទាល់តែចិន និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត បោះបង់ចោលនូវឯកសិទ្ធិដែលគេស្គាល់ថាជា ការគាំពារពិសេស និងខុសប្លែក (SDT) ផ្តល់ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែលអាមេរិកនិយាយថា ផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍បែបអយុត្តិធម៌។
គួរឱ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួន រួមទាំងចិន និងអារ៉ាប៊ីសាអ៊ូឌីត កំណត់អត្តសញ្ញាណខ្លួនឯងថាជា "ប្រទេសកំពុងអភិវឌ្ឍ" ដោយផ្តល់សិទ្ធិឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ SDT ដូចជាការកំណត់ពន្ធខ្ពស់ៗ និងការប្រើប្រាស់ការឧបត្ថម្ភធនជាដើម៕

