លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ីស្រាអែលបាន យល់ព្រមលើលក្ខខណ្ឌចាំបាច់នានា ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ទោះគេមិនច្បាស់ភ្លាមៗថាតើក្រុមហាម៉ាស នឹងទទួលយកលក្ខខណ្ឌនេះឬយ៉ាងណា ក៏ដោយ។

មន្ត្រីរដ្ឋបាលពីររូបបាននិយាយថា ក្រុមហាម៉ាស នៅតែត្រូវយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ។ ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth social លោក Trump បាននិយាយថា ប្រទេសកាតា និងអេហ្ស៊ីប នឹងនាំយកសំណើនេះទៅឲ្យក្រុមហាម៉ាស។
លោក Trump បានសរសេរថា អ្នកតំណាងរបស់ខ្ញុំមានកិច្ចប្រជុំដ៏យូរនិងប្រកបដោយការស្ថាបនាជាមួយអ៊ីស្រាអែលនៅថ្ងៃនេះស្ដីពីសង្គ្រាមតំបន់ហ្កាហ្សា។អ៊ីស្រាអែលបានយល់ព្រមលើលក្ខខណ្ឌចាំបាច់ដើម្បីឈានដល់បទឈប់បាញ់រយៈពេល៦០ថ្ងៃ ក្នុងអំឡុងពេលនោះ យើងនឹងធ្វើការជាមួយភាគីទាំងអស់ដើម្បីបញ្ចប់សង្រ្គាម។
កាតា និងអេហ្ស៊ីប ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយនាំមកនូវសន្តិភាព នឹងពាំនាំសំណើចុងក្រោយនេះ ។ខ្ញុំសង្ឃឹមពីការទទួលបានភាពល្អប្រសើរនៅតំបន់មជ្ឈិមបូព៌ា ដែលក្រុមហាម៉ាស នឹងចាប់យកកិច្ចព្រមព្រៀងនេះ ។
ទូរទស្សន៍ CNN បានរាយការណ៍មុននេះថាមន្ត្រីកាតា បានដាក់ស្នើទៅទាំងក្រុមហាម៉ាស ទាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារនូវសំណើថ្មីសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃដែលត្រូវបានគាំទ្រដោយរដ្ឋបាលលោក Trump នេះបើយោងតាមប្រភពដែលដឹងបញ្ហានេះ៕


