រលកកម្ដៅដ៏ធ្ងន់ធ្ងរបានវាយលុកអឺរ៉ុបក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ ដែលបង្កឱ្យមានការជូនដំណឹងពីការរាលដាលកម្ដៅក្នុងប្រទេសជាច្រើនទូទាំងទ្វីបនេះ។ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង និងអ៊ីតាលី ស្ថិតក្នុងចំណោមប្រទេសរងគ្រោះខ្លាំងជាងគេ ដោយសីតុណ្ហភាពឡើងដល់ជាង ៤០អង្សាសេ។

យោងតាមរបាយការណ៍ឆ្នាំ២០២៤ ដោយសេវាបម្រែបម្រួលកាសធាតុ Copernicus របស់សហភាពអឺរ៉ុប អឺរ៉ុបគឺជាទ្វីបដែលមានសីតុណ្ហភាពកើនឡើងលឿនបំផុតនៅលើផែនដី ដោយបានឡើងកម្ដៅពីរដងលឿនជាងមធ្យមភាគពិភពលោកចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។
នៅព័រទុយហ្គាល់ សីតុណ្ហភាពត្រូវបានគេព្យាករថានឹងឡើងដល់ ៤៣ អង្សារសេ ដែលជំរុញឱ្យក្រុមអាជ្ញាធរចេញការព្រមានពីកម្ដៅពណ៌ក្រហមសម្រាប់ស្រុកចំនួន ៧ ក្នុងចំណោម ១៨ ស្រុក។
នៅអេស្ប៉ាញសេវាកម្មអាកាសធាតុជាតិរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាទីក្រុង Barcelona បានកត់ត្រាខែក្តៅបំផុតរបស់ខ្លួននៃខែមិថុនាក្នុងរយៈពេលមួយរយឆ្នាំចាប់តាំងពីឆ្នាំ ១៩១៤មក។
នៅប្រទេសបារាំង នាយករដ្ឋមន្ត្រីបារាំងលោក ហ្វ្រង់ស្វ័រ បាយរូ(François Bayrou) បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ក្នុងប្រទេសនេះ តំបន់ចំនួន ១៦ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការជូនដំណឹងពណ៌ក្រហមខ្ពស់បំផុតដោយទីភ្នាក់ងារអាកាសធាតុជាតិ Météo-France និង ៦៨ ផ្សេងទៀតស្ថិតនៅក្រោមការជូនដំណឹងពណ៌លឿងទុំ។ ជាពិសេស តំបន់ប៉ារីស គឺជាតំបន់មួយស្ថិតក្នុងតំបន់ជាច្រើន ដែលរងគ្រោះខ្លាំងជាងគេ។
នៅប្រទេសអ៊ីតាលី យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនៅអឺរ៉ុបខាងត្បូងមួយនេះ បានឱ្យដឹងថា ទីក្រុងធំៗចំនួន ១៧ក្នុងចំណោមទីក្រុងធំៗចំនួន ២៧ របស់ប្រទេសអ៊ីតាលីកំពុងជួបប្រទះរលកកម្ដៅផងដែរ។នៅប្រទេសបែលហ្សិក រថភ្លើងជាច្រើនត្រូវបានលុបចោលចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធសប្ដាហ៍នេះ ដោយសារតែការកើនឡើងនៃរកលកម្ដៅ នេះបើយោងតាមគេហទំព័ររបស់ប្រតិបត្តិករផ្លូវដែក SNCB៕

