កំពង់ធំ ៖ មន្ត្រីបរិស្ថានខេត្តកំពង់ធំ ចាប់ឈើដែលក្រុមជនល្មើសអារ ក្នុងព្រៃអង់តែន កាលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងមក ប្រភពច្បាស់ការ បានបញ្ជាក់ ឈើទាំងអស់នេះ ត្រូវបាន មន្ត្រីបរិស្ថាន លួចលក់ឲ្យឈ្មួញបាត់អស់ហើយ...! ។
ប្រភពច្បាស់ការ បានបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពកាប់បំផ្លាញព្រៃអង់តែន និង ព្រៃឡង់ ក្នុងទឹកដី ខេត្តកំពង់ធំ រីករាលដាលយ៉ាងធ្ងន់ធ្ងរ រកទីបញ្ចប់គ្មាន...! រីឯមន្ត្រីបរិស្ថានពិតជាឆ្លៀតណាស់...! ដូចពាក្យស្លោក«ត្រីងៀតឆ្លៀតពង» ដៃម្ខាងអ្នកចាប់ ដៃម្ខាងអ្នកលែង។ ជាក់ស្ដែងឈើអារដែលចាប់បាន ក្នុងព្រៃអង់តែន ត្រូវបានមន្ត្រីបរិស្ថាន លួចលក់ស្ងាត់ៗ ទៅឲ្យឈ្មួញឈ្មោះ ធា នៅភូមិដងក្ដា ដោយគ្មានការដេញថ្លៃ ។
សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា បច្ចុប្បន្នដែនព្រៃអង់តែន ដែលជាព្រៃសម្រាប់រង្វាស់ទឹកវាលទំនាបអាស៊ីមូសុង ទន្លេមេគង្គ នៃប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុននោះ ត្រូវបានទទួលរងការកាប់បំផ្លាញកាន់តែរីករាលដាល ដែលសាធារណជនលើកឡើងថា បើនៅតែបែបនេះ គឺខ្ទេចគ្មានសល់ ជាពិសេស ដើមឈើធំៗ។
ប្រជាពលរដ្ឋ បាននិយាយថា ខាងក្នុងដែនព្រៃអង់តែននេះ នៅកន្លែងខ្លះត្រូវបានកាប់រុករានយកដីថ្មីៗ ។ ចំណែកកន្លែង ចាស់ខ្លះទៀត ត្រូវបានកាប់ពង្រីកហើយដុតបំផ្លាញ ឯដើម ឈើធំៗដែលពុំសូវមានតម្លៃ នៅជាប់នឹងផ្លូវ ដែលពី មុននៅសេសសល់១ ដើមៗនោះ ឥឡូវគឺបង្ហើយអស់ហើយ រីឯសមត្ថកិច្ចបរិស្ថាន និងសមត្ថកិច្ច រដ្ឋបាល ព្រៃឈើ នៅទីនោះ គិតតែប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដែនព្រៃអង់តែន គឺការពារដោយសមត្ថកិច្ចបរិស្ថាន និងសមត្ថកិច្ច រដ្ឋបាលព្រៃឈើ ប៉ុន្តែការកាប់ព្រៃ ពង្រីកយកដី និងអារកាប់ដើមឈើធំៗ គឺកើតមានខ្លាំង ជាងមុនទៅទៀត សកម្មភាពកាប់បំផ្លាញព្រៃអង់តែន គឺគគ្រឹកគគ្រេងណាស់ រាល់ថ្ងៃ-យប់ ។
សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពី តំបន់ព្រៃអង់តែន នៅតែកើត ឡើងយ៉ាងរាលដាលហើយមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋ បាលព្រៃឈើមិនចាត់វិធានការ បង្ក្រាប នោះទេ។ ទាំងលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ទាំងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ រួមទាំងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នាំគ្នាសម្ងំស្ងាត់ឈឹង ខណៈ ដែលព្រៃអង់តែន ក្នុងឃុំក្រយា ស្រុកសន្ទុក កំពុងប្រឈម នឹងសេចក្ដីវិនាសនាពេល ឆាប់ៗខាងមុខ។
ពាក់ព័ន្ធព័ត៌មានដ៏រសើប ដល់បណ្ដាសារព័ត៌មានចុះផ្សាយព្រោងព្រាតធ្វើឲ្យអាជ្ញាធរខេត្តកំពង់ធំមិនស្រណុកចិត្ត BTV News ទូរស័ព្ទសុំការបំភ្លឺពីលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ចូលតែគ្មានអ្នកលើក ។ តែយើងព្យាយាមទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាមលោក ធីវ វណ្ណធី ឆ្លើយតបយ៉ាងខ្លីថា «អរគុណ និងចាត់ការ» រួចក៏ស្ងាត់ទៅវិញ។ សម្រាប់លោក លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏មិនបានឆ្លើយតបយ៉ាងដូចម្ដេចដែរ ? ខណៈពេលទូរទស្សន៍ BTV News សួរតាមប្រព័ន្ធតេលេក្រាម៕
លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ
