អឺរ៉ុបខាងកើត៖ យោងតាមសារព័ត៌មាន Reuters ចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា នៅក្នុងតំបន់អឺរ៉ុបខាងកើតបានហក់ឡើងដល់ជាង ១លាននាក់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលវីរុសបម្លែងខ្លួនថ្មី Omicron បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់នេះ។

សារព័ត៌មាន Reuters បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចំនួន៣ ក្នុងចំណោម ៥ប្រទេសដែលកំពុងរាយការណ៍ករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងតំបន់អឺរ៉ុបគឺមកពីអឺរ៉ុបខាងកើតរួមទាំងរុស្ស៊ី ប៉ូឡូញ និងអ៊ុយក្រែន។ អឺរ៉ុបខាងកើតបង្កើតបាន ៣៩% នៃចំនួនប្រជាជនក្នុងតំបន់ ហើយបានរាយការណ៍ច្រើនជាងពាក់កណ្ដាលនៃការស្លាប់ដែលទាក់ទងនឹង COVID-19 សរុបនៅក្នុងទ្វីបអឺរ៉ុប នេះបើយោងតាមតួលេខរបស់ Reuters។ ចំនួនអ្នកស្លាប់នៅអឺរ៉ុបខាងកើតបានកើនឡើងដល់ ១,០៤៥,៤៥៤នាក់កាលពីថ្ងៃព្រហស្បតិ៍ធៀបនឹងចំនួន ១,៨៧៣,២៥៣នាក់នៅអឺរ៉ុបទាំងមូល។ តំបន់នេះរួមមានប្រទេសបេឡារុស្ស ប៊ុលហ្គារី សាធារណរដ្ឋឆែក ហុងគ្រី ម៉ុលដាវី ប៉ូឡូញ រូម៉ានី រុស្ស៊ី ស្លូវ៉ាគី និងអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន