សកម្មភាពផលិតរបស់សហរដ្ឋអាមេរិក នៅតែបន្តធ្លាក់ចុះក្នុងខែមិថុនាកន្លងទៅ ជាមួយនឹងទិន្នន័យបញ្ជាទិញថ្មីបានដាំក្បាលចុះ ហើយតម្លៃដែលបង់សម្រាប់វត្ថុធាតុដើមនាំចូលក៏កើនឡើងកាន់តែខ្ពស់ ដែលបង្ហាញថា ពន្ធគយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump លើទំនិញនាំចូល កំពុងបញ្ចេញឥទ្ធិពល ដោយបន្តរារាំងដល់សមត្ថភាពរបស់អាជីវកម្មនានាក្នុងការរៀបចំផែនការខាងមុខ។

វិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ (ISM) បាននិយាយកាលថ្ងៃអង្គារ (០១ កក្កដា) ថា តារាងសន្ទស្សន៍បញ្ជាទិញ PMI នៃផលិតកម្មរបស់អាមេរិក បានឡើងបន្តិចដល់ ៤៩,០ពិន្ទុ កាលពីខែមុន ពីកម្រិតទាបរយៈពេល ៦ខែនៃតួលេខ ៤៨,៥ពិន្ទុក្នុងខែឧសភា ប៉ុន្តែកំណើនបន្តិចនេះក៏នៅតែជាតួលេខដ៏ទន់ខ្សោយ។ នោះជាខែទី៤ជាប់ៗគ្នាហើយ ដែលទិន្នន័យ PMI ស្ថិតនៅក្រោមសញ្ញា ៥០ពិន្ទុ ដែលបង្ហាញពីការធ្លាក់ចុះខ្លាំងនៅក្នុងវិស័យផលិតកម្ម ដែលរួមចំណែក ១០,២% នៃសេដ្ឋកិច្ចសរុប។

លទ្ធផលនេះបានចូលរួមជាមួយទិន្នន័យដ៏ទន់ខ្សោយនៃទីផ្សារលំនៅដ្ឋាន ការចំណាយរបស់អ្នកប្រើប្រាស់ និងកំណើនភាពអត់ការងារធ្វើ ដែលបង្ហាញថា សន្ទុះមូលដ្ឋានរបស់សេដ្ឋកិច្ចអាមេរិក កំពុងធ្លាក់ចុះបន្ថែមទៀតក្នុងត្រីមាសទី២ ប៉ុន្តែផលិតផលក្នុងស្រុកសរុប GDP ប្រហែលជាស្ទុះងើបឡើងវិញបន្តិច ដោយសារការអូសទាញពីឱនភាពពាណិជ្ជកម្មដែលធ្លាក់ចុះ ព្រោះតែការនាំចូលធ្លាក់ចុះ។

ការដំឡើងពន្ធដ៏ច្រើនលើសលប់របស់លោក Trump ដែលនាំឱ្យអាជីវកម្ម និងក្រុមគ្រួសារសម្រុកនាំចូល និងទិញទំនិញឱ្យបានមុនពេលពន្ធចូលជាធរមានដើម្បីជៀសវាងតម្លៃខ្ពស់ បានធ្វើឱ្យរូបភាពសេដ្ឋកិច្ចមានភាពច្របូកច្របល់។ សេដ្ឋវិទូព្រមានថា គេអាចត្រូវការពេលវេលាយូរបន្តិចដើម្បីមើលឃើញថាតើពន្ធគយប៉ះពាល់ដល់ទិន្នន័យសេដ្ឋកិច្ចធំកម្រិតណា៕