យោងតាមវិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ក្នុងការសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០២២។

វិមានក្រឹមឡាំងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ រួមទាំងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិIAEA។
មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីមធ្យោបាយនយោបាយ និងការទូត ដើម្បីដោះស្រាយវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងជម្លោះផ្សេងទៀតនៅមជ្ឈិមបូព៌ា។
ទាក់ទងនឹងស្ថានភាពជម្លោះអ៊ុយក្រែន លោក Putin បាននិយាយថាជម្លោះអ៊ុយក្រែនគឺជា ផលវិបាកផ្ទាល់នៃគោលនយោបាយលោកខាងលិច ដោយបន្ថែមថាគោលនយោបាយបែបនេះឥឡូវនេះកំពុង អូសបន្លាយអរិភាព ដោយការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធទំនើបៗផ្សេងៗ។
ស្តីពីការរំពឹងទុកសម្រាប់ដំណោះស្រាយដោយសន្តិវិធី មេដឹកនាំរុស្ស៊ី បានសង្កត់ធ្ងន់លើដំណោះស្រាយដ៏ទូលំទូលាយ និងរយៈពេលវែង ដែលដោះស្រាយបញ្ហាឫសគល់នៃវិបត្តិអ៊ុយក្រែន និង ពិចារណាលើការពិតនៃដែនដីថ្មីៗ ដែលរុស្ស៊ីដណ្ដើមបាន និងដាក់បញ្ចូលជាឧបសម្ព័ន្ធដោយរុស្ស៊ី៕

