បាល់ទាត់៖ Barcelona កំពុងត្រូវបានវាយលុកខ្លាំងនៃការឆ្លងមេរោគ Covid-19 តែពួកគេទំនងមិនអាចលើកពេលប្រកួតបានឡើយសំរាប់ការប្រកួតទល់នឹង Real Mallorca នៅថ្ងៃអាទិត្យនេះ។ មកដល់ពេលនេះកីឡាករក្នុងក្រុមធំ Barcelona ចំនួន ១០នាក់ហើយតេស្តវិជ្ជមាន Covid-19 ដែលមានដូចជា Ousmane Dembele, Dani Alves, Clement Lenglet, Jordi Alba, Samuel Umtiti, Pablo Gavi, Alejandro Balde, Sergino Dest, Philippe Coutinho និង Ez Abde។
ក្រៅពីអ្នកតេស្តវិជ្ជមានខាងលើ Barcelona ក៏មានកីឡាករស្ថិតក្នុងបញ្ជីរបួសផងដែររួមមាន Sergio Busquet, Sergi Roberto, Memphis Depay, Martin Braithwaite, Pedri និង Ansu Fati។ ទោះបីជាអវត្តមានដល់ ១៦នាក់ក្តី Barcelona នៅសល់កីឡាករ ១០នាក់បូកនឹងអ្នកចាំទីម្នាក់ បន្ថែមនឹងកីឡាករយុវជនមួយចំនួន។ បើតាមច្បាប់របស់ La Liga ការប្រកួតដំណើរការទៅបានតម្រូវឱ្យមួយក្រុមមានកីឡាករយ៉ាងតិច ១៣នាក់។ Barcelona កំពុងឈរលេខ ៧ ក្នុងតារាងមាន ២៨ពិន្ទុ ខណៈ Real Mallorca កំពុងឈរលេខ ១៥ មាន ២០ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ