ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តសេចក្ដីស្នើច្បាប់ដ៏ធំសម្បើម និងការចំណាយរបស់រដ្ឋបាលលោក Trump មានឈ្មោះថា One Big Beautiful Bill ដែលត្រូវគេរំពឹងថានឹងបន្ថែមឱនភាពប្រហែល ៣,៣ សែនកោដិដុល្លារអាមេរិករហូតដល់ឆ្នាំ២០៣៤។

ព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋបានអនុម័តសេចក្ដីស្នើច្បាប់នេះ ក្នុងសំឡេងគាំទ្រ ៥១ទល់នឹង៥០ សំឡេង បន្ទាប់ពីដំណើរការបោះឆ្នោតដ៏រយូរដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានផ្ដាច់សំឡេង ៥០-៥០ តាមរយៈការបោះឆ្នោតបន្ថែម។ សេចក្ដីស្នើច្បាប់ដ៏ធំសម្បើម ឬហៅថា One Big Beautiful Bill Act បានអនុម័ត បន្ទាប់ពីការជជែកដេញដោលជាង២៤ ម៉ោង។
លោក Trump បានទុកពេលឱ្យសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនូវកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ៤ ខែកក្កដាដើម្បីបញ្ជូនឲ្យរូបលោកនូវការសម្រេចចុងក្រោយនៃសេចក្ដីស្នើច្បាប់នេះក្នុងការចុះហត្ថលេខាក្លាយជាច្បាប់ពេញលេញ។
លោក Vance បាននិយាយកាលពីរសៀលថ្ងៃអង្គារថា សេចក្ដីស្នើច្បាប់ ដែលបានធ្វើវិសោធនកម្ម ត្រូវបានអនុម័តហើយ។
ការកាត់បន្ថយការចំណាយលើកម្មវិធីថែទាំសុខភាព និងអាហារូបត្ថម្ភ និងពន្យារពេលកាត់បន្ថយពន្ធបានទាក់ទាញការរិះគន់ពីគណបក្សប្រជាធិបតេយ្យ និងក្រុមប្រឆាំងពីគណបក្សសាធារណរដ្ឋសំខាន់ៗមួយចំនួននៅក្នុងព្រឹទ្ធសភា។
ជម្លោះជុំវិញឱនភាព កម្មវិធីសង្គម និងកម្រិតការចំណាយ បានបង្កើតបញ្ហាប្រឈមសម្រាប់គណបក្សសាធារណរដ្ឋ ដោយរារាំងវឌ្ឍនភាព និងជំរុញឱ្យលោក Trump ទទួលស្គាល់ថាវានឹងពិបាកណាស់ ដើម្បីបំពេញតាមកាលកំណត់របស់លោកសម្រាប់ការអនុម័តសេចក្ដីស្នើច្បាប់នេះ៕

