យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានពង្រីកប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សា នៅកន្លែងដែលអ្នកស្រុកបានរាយការណ៍ថា មានការបាញ់កាំភ្លើង និងការបាញ់ផ្លោងជាច្រើនថ្ងៃមកហើយ មុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។

ប្រតិបត្តិការកាន់តែខ្លាំង បានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនៃការអំពាវនាវឱ្យមានបទឈប់បាញ់ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ខណៈលោក Netanyahu គ្រោងនឹងជួបជាមួយលោកនៅសប្តាហ៍ក្រោយ ដែលលោកTrump ស្ថិតក្នុងចំណោមអ្នកដែលបានជំរុញឱ្យអ៊ីស្រាអែលចុះកិច្ចព្រមព្រៀងថ្មីដើម្បីបញ្ឈប់សង្រ្គាម និងនាំយកចំណាប់ថ្នូរដែលនៅតែត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាត្រឡប់ទៅប្រទេសវិញ។

ទោះជាយ៉ាងណា យុទ្ធនាការរបស់អ៊ីស្រាអែល ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានបន្តឥតឈប់ឈរ ដោយទីភ្នាក់ងារការពារស៊ីវិលតំបន់ហ្កាហ្សាបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស១៧នាក់កាលពីថ្ងៃអង្គារ។ ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍នៃការវាយប្រហារដ៏បង្ហូរឈាមនៅភាគខាងជើង និងភាគខាងត្បូងនៃដែនដីនេះ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងធ្វើប្រតិបត្តិការដើម្បីបំផ្លាញសមត្ថភាពយោធារបស់ក្រុមហាម៉ាស។
យោធាបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខ្លួនបាន «ពង្រីកប្រតិបត្តិការទៅកាន់ស្រុកមួយចំនួនបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយបានកម្ចាត់ក្រុមភេរវកររាប់សិបនាក់ និងរុះរើទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរាប់រយកន្លែង ទាំងខាងលើ និងនៅក្រោមដី»។