រដ្ឋអាជ្ញាតំបន់បានរាយការណ៍កាលពីថ្ងៃអង្គារថា នគរបាលប្រទេសម៉ិកស៊ិក បានរកឃើញសាកសពមនុស្សជាង៣០០នាក់ នៅគរគ្នា ដែលត្រូវបានតម្កល់និងបានបោះបង់ចោលនៅទីបញ្ចុះសពឯកជនមួយកន្លែងក្នុងទីក្រុង Ciudad Juarez ភាគខាងជើងប្រទេស។

យោងតាមការិយាល័យរដ្ឋអាជ្ញាបានឲ្យដឹងថា ការរកឃើញនេះបង្ហាញពីការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងអាជីវកម្ម ដោយសាកសពត្រូវបានរកឃើញដាក់គរគ្នាគ្មានសណ្តាប់ធ្នាប់នៅក្នុងបន្ទប់ផ្សេងៗគ្នានៅទីបូជាសព។

លោក Javier Sanchez Herrera នាយកអង្គភាពសេវាកោសល្យវិច្ច័យបាននិយាយថា «សាកសពមនុស្សសរុបចំនួន៣៨៣នាក់ ត្រូវបានរកឃើញ ក្នុងនោះមានបុរស២១៨នាក់ ស្ត្រី១៤៩នាក់ ហើយ១៦នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ»។
ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ជឿថា សាកសពភាគច្រើនត្រូវបានគេដឹកទៅកាន់ទីបូជាសព ដើម្បីបូជា ដោយអដ្ឋិធាតុត្រូវប្រគល់ជូនក្រុមគ្រួសារវិញ។ ទោះជាយ៉ាងណា រឿងបែបនេះ ទំនងជាមិនដែលកើតឡើងនោះទេ។