យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងទាក់ទងទៅនឹងព្យុះត្រូពិក Barry បានបង្កការខូចខាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ San Luis Potosi ភាគកណ្តាលប្រទេសម៉ិកស៊ិក។

ព្យុះនេះ បានវាយបោកបក់កាលពីថ្ងៃអាទិត្យ ហើយបានបក់ឆ្ពោះទៅដល់ដីគោក ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់តំបន់មួយចំនួន។
អ្នកស្រុកនៅទីក្រុង Santa Maria del Rio បានចាប់ផ្តើមការបោសសម្អាតបន្ទាប់ពីទឹកជំនន់ បោសសម្អាតថ្មនិងកម្ទេចកម្ទីចេញពីផ្លូវ និងប្រមូលបោះយកទៅចោលរបស់របរដែលខូចចេញពីលំនៅឋាន។

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា នៅក្នុងទីក្រុង Tamazunchale លំនៅឋានរាប់រយខ្នងត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំង។ រថយន្តដែលចតចោលត្រូវបានទឹកជន់លិច ហើយទឹកជំនន់បានហូរនាំកម្ទេចកម្ទីពង្រាយនៅតាមផ្លូវ។
អភិបាលក្រុង Tamazunchale លោក Adelaido Cabanas បាននិយាយថា ទំហំនៃការខូចខាតគឺជារឿងដែលមិននឹកស្មានដល់ ហើយអ្នកស្រុកមួយចំនួន បានបាត់បង់ទ្រព្យសម្បត្តិទាំងអស់ ប៉ុន្តែគ្មានមនុស្សណាម្នាក់បានបាត់បង់ជីវិតឡើយ។