អ៊ីរ៉ង់ កំពុងតែវាយតម្លៃការខូចខាត និងរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ទោះបីជាទីក្រុងតេអេរ៉ង់ នៅថ្ងៃអង្គារ (០១ កក្កដា) បានបើកចំហលើលទ្ធភាពនៃការបន្តកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ បានដកស្រង់ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក Fatemeh Mohajerani ដែលប្រាប់អ្នកយកព័ត៌មានពីដំណើរការវាយតម្លៃការខូចខាតទាំងនោះ ហើយរួមបញ្ចូលផងដែរនូវការទទួលស្គាល់ថា រោងចក្រនុយក្លេអ៊ែរ Fordo, Isfahan និង Natanz ដែលជាទីតាំងសំខាន់ៗនៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបាន "ខូចខាតយ៉ាងធ្ងន់ធ្ងរ" ដោយការវាយប្រហាររបស់អាមេរិក។
ការទទួលស្គាល់នេះបានកើតឡើងនៅពេលអ៊ីរ៉ង់ បានចាប់ផ្តើមលាតត្រដាងបន្តិចម្តងៗនូវទំហំនៃការខូចខាត ដែលកើតឡើងដោយសង្គ្រាម ១២ថ្ងៃជាមួយអ៊ីស្រាអែល ដែលមើលឃើញយន្តហោះចម្បាំងអ៊ីស្រាអែល កាត់ផ្តាច់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ និងវាយប្រហារដោយសេរីលើសាធារណរដ្ឋអ៊ិស្លាមមួយនេះ។
ឥឡូវនេះក្រុមមន្ត្រីអ៊ីរ៉ង់ កំពុងវាយតម្លៃការខូចខាតពីការវាយប្រហាររបស់អាមេរិក ដែលបានធ្វើឡើងលើទីតាំងនុយក្លេអ៊ែរទាំងបីកាលពីថ្ងៃទី២២ ខែមិថុនា រួមទាំងទីតាំងនៅ Fordo ដែលជាទីតាំងសាងសង់ក្រោមភ្នំយ៉ាងជ្រៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងតេអេរ៉ង់៕

