ធនាគារកណ្តាលរបស់ប្រទេសថៃ (BOT) បានព្រមានពីកំណើនហានិភ័យដល់សុខភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយភាពមិនប្រាកដប្រជានយោបាយផ្ទៃក្នុងដ៏ចម្រូងចម្រាសនាពេលបច្ចុប្បន្នបានក្លាយជាក្តីកង្វល់ដ៏សំខាន់មួយ រួមជាមួយនឹងភាពតានតឹងពាណិជ្ជកម្មក្នុងពិភពលោក។

ធនាគារកណ្តាលថៃ (BOT) បានកំណត់កត្តាសំខាន់ៗចំនួន៤ ដែលបង្កើនហានិភ័យដល់សេដ្ឋកិច្ចថៃ មានដូចជា កំណើនផលប៉ះពាល់នៃអស្ថិរភាពនយោបាយក្នុងស្រុកដែលឥឡូវនេះកំពុងឈានទៅដល់ដំណាក់កាលសំខាន់ ពន្ធសងសឹករបស់សហរដ្ឋអាមេរិក គោលនយោបាយពាណិជ្ជកម្មដែលកំពុងវិវត្តនៃសេដ្ឋកិច្ចពិភពលោកធំៗ និងវិស័យទេសចរណ៍ទន់ខ្សោយ។

លោកស្រី Pranee Sutthasri នាយកជាន់ខ្ពស់នៃផ្នែកម៉ាក្រូសេដ្ឋកិច្ចនៅធនាគារកណ្តាល បានលាតត្រដាងថា សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានកំណត់ថានឹងធ្លាក់ចុះខ្លាំង ខណៈការធ្លាក់ចុះនេះកើតឡើងបន្ទាប់ពីសន្ទុះអន់ថយ ដែលបានព្យាករពីវិស័យទេសចរណ៍ និងការនាំចេញសំខាន់ៗ។

លោកស្រី Pranee បានសង្កត់ធ្ងន់ថា "អស្ថិរភាពនយោបាយក្នុងស្រុក គឺស្ថិតក្នុងចំណោមកត្តាសំខាន់ដែលធនាគារកណ្ដាល នឹងតាមដានយ៉ាងជិតស្និទ្ធក្នុងរយៈពេលខាងមុខ"។ ហានិភ័យសេដ្ឋកិច្ចថៃ ដែលយឺតយ៉ាវស្រាប់ទៅហើយ កាន់តែធ្ងន់ធ្ងរថែមទៀតដោយសារភាពមិនច្បាស់លាស់ខាងនយោបាយ ព្រោះជម្លោះផ្ទៃក្នុងកំពុងធ្វើឱ្យអ្នកទេសចរស្ទាក់ស្ទើរក្នុងការទៅកម្សាន្តនៅប្រទេសនេះ៕