ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (០១ កក្កដា) បានគំរាមដាក់ពន្ធ “៣០% ឬ ៣៥%” លើជប៉ុន ប្រសិនបើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរមិនសម្រេចបានមុនកាលកំណត់នៅសប្តាហ៍ក្រោយទេនោះ។ អត្រានេះនឹងឡើងលើសពីពន្ធ ២៤% ពីមុនលើជប៉ុន ជាផ្នែកមួយនៃពន្ធបដិការ "ថ្ងៃរំដោះ" របស់លោក Trump កាលពីថ្ងៃទី០២ ខែមេសា នៅពេលលោកប្រកាសពន្ធលើការនាំចូលលើប្រទេសនានាជុំវិញពិភពលោក។

ការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មភាគច្រើនត្រូវបន្ទាបមកត្រឹមកម្រិតមូលដ្ឋាន ១០% សម្រាប់រយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឱ្យពួកគេចរចាកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។ ការផ្អាកនោះនឹងត្រូវផុតកំណត់នៅថ្ងៃទី០៩ ខែកក្កដា ដ៏ឆាប់ខាងមុខ ហើយលោក Trump និយាយថាលោកមិនពន្យាពេលកំណត់ឡើយ។
លោក Trump ក៏បន្តដាក់ការសង្ស័យថា កិច្ចព្រមព្រៀងមួយប្រហែលមិនអាចសម្រេចបានជាមួយក្រុងតូក្យូទេ។ ដូចប្រទេសជាច្រើនទៀតដែរ ការនាំចេញភាគច្រើនរបស់ជប៉ុនទៅសហរដ្ឋអាមេរិក បច្ចុប្បន្នប្រឈមនឹងពន្ធ ១០% ខណៈក៏មានពន្ធនាំចូល ២៥% លើយានយន្ត និងគ្រឿងបន្លាស់របស់ជប៉ុន រួមទាំងដែកថែប និងអាលុយមីញ៉ូម ត្រូវជាប់ពន្ធ ៥០%។
នៅព្រឹកថ្ងៃអង្គារ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បាននិយាយថា ទីក្រុងតូក្យូនឹងមិនធ្វើសម្បទានណាមួយ ដែលប៉ះពាល់ដល់កសិករជប៉ុន ដើម្បីតែសម្រេចបានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។ ដើមឡើយ លោក Trump និយាយថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៩០ អំឡុងពេលផ្អាកលើពន្ធថ្មីនេះ ប៉ុន្តែចាប់តាំងពីពេលនោះមក មានតែចក្រភពអង់គ្លេសប៉ុណ្ណោះដែលបានធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក៕

