រដ្ឋាភិបាលអ៊ីរ៉ង់ បានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេស ទៅកាន់ពន្ធនាគារក្នុងទីក្រុងតេអេរ៉ង់ ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល។ ដំណើរទស្សនកិច្ចទៅកាន់ពន្ធនាគារ បានធ្វើឡើងកាលពីថ្ងៃអង្គារ មួយសប្តាហ៍បន្ទាប់ពីប្រទេសទាំងពីរបានចាប់ផ្តើមបទឈប់បាញ់។

ជញ្ជាំង និងពិដាន បានបាក់រលំ ហើយមនុស្សជាច្រើនកំពុងបោសសម្អាតកម្ទេចកម្ទី។
អាជ្ញាធរតុលាការបាននិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ២៣ ខែមិថុនា បានសម្លាប់មនុស្ស ៧៩ នាក់ រួមមានអ្នកទោស ក្រុមគ្រួសាររបស់ពួកគេ បុគ្គលិករដ្ឋបាល និងប្រជាជនដែលនៅជិតខាង។

អ៊ីស្រាអែល អះអាងថា ខ្លួនកំពុងកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ពុំមែនជនស៊ីវិលទេ។ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែល បានវាយប្រហារមន្ទីរពេទ្យ តំបន់លំនៅឋាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នានៃសង្គ្រាមរយៈពេល១២ថ្ងៃ បានកើនឡើងដល់៩៣៥នាក់។
អ៊ីស្រាអែល បានរាយការណ៍ថាមនុស្ស២៨នាក់ នៅក្នុងប្រទេសនេះ បានស្លាប់ដោយសារតែមីស៊ីលរបស់អ៊ីរ៉ង់និងការវាយប្រហារផ្សេងទៀត។