យោធាអ៊ីរ៉ង់ បានបញ្ជូនទូកផ្ទុកគ្រាប់មីនស្វ័យបំផ្ទុះរបស់កងទ័ពជើងទឹកតាមនាវាធំៗជាច្រើនគ្រឿងនៅឈូងសមុទ្រពែក្សកាលពីខែមុន នៅក្នុងជំហានមួយដែលបង្កើនក្ដីបារម្ភនៅទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងតេអេរ៉ង់កំពុងត្រៀមលក្ខណៈបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនានាទូទាំងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមប្រភពមន្ត្រីអាមេរិកពីររូប។

មន្ត្រីទាំងនោះបាននិយាយថា ការត្រៀមរៀបចំ ដែលមិនត្រូវបានរាយការណ៍ពីមុនមកនេះ ត្រូវស៊ើបដឹងដោយចារកម្មសម្ងាត់របស់សហរដ្ឋអាមេរិក ហើយកើតឡើងត្រឹមមួយរយៈខ្លីប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារមុនដោយមីស៊ីលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា។
ការបញ្ជូនគ្រាប់មីន ដែលមិនធ្លាប់ដាក់ពង្រាយពីមុនមកនៅច្រកសមុទ្រនេះ បានបង្ហាញថា ទីក្រុងតេអេរ៉ង់ប្រហែលជាម៉ឺងម៉ាត់ណាស់ក្នុងការបិទច្រកផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកមួយនោះ ហើយនេះក៏ជាសកម្មភាពដែលអាចនឹងបង្កើនជម្លោះដែលកំពុងតានតឹងរួចទៅហើយ និងរំខានយ៉ាងខ្លាំងដល់ពាណិជ្ជកម្មពិភពលោក។
គួរឱ្យដឹងថា ប្រហែលមួយភាគប្រាំនៃការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយការបិទច្រកនេះទំនងជានឹងធ្វើឱ្យតម្លៃថាមពលពិភពលោកឡើងយ៉ាងគំហុក។ កាលពីថ្ងៃទី២២ ខែមិថុនា មិនយូរប៉ុន្មានបន្ទាប់ពីអាមេរិកទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួន៣ របស់អ៊ីរ៉ង់ក្នុងបំណងធ្វើឱ្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះចុះខ្សោយ សភារបស់អ៊ីរ៉ង់ ត្រូវរាយការណ៍ថាបានគាំទ្រវិធានការបិទច្រកសមុទ្រមួយនេះរួចទៅហើយ៕

