រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា ប្រទេសនេះ នៅតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រេចចិត្តអំពីការបន្តការចរចា ជាមួយសហរដ្ឋអាមេរិក។

លោក Araghchi បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News នៅទីក្រុង តេអេរ៉ង់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ខណៈពេលដែលលើកឡើងអំពីលទ្ធភាពនៃការចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump)ថា ការចរចាអាចចាប់ផ្តើម នៅដើមសប្តាហ៍នេះ លោក Araghchi បាននិយាយថា លោកមិនគិតថា ដំណើរការនេះ នឹងចាប់ផ្តើមឡើងវិញលឿន ដូចអ្វីដែលលោក ត្រាំ បានអះអាងនោះទេ ដោយបន្ថែមថា «ដើម្បីឲ្យពួកយើងសម្រេចចិត្តធ្វើម្តងទៀត យើងនឹងត្រូវតែធានាជាមុនថា សហរដ្ឋអាមេរិក នឹងមិនត្រឡប់មករកយើងវិញ ក្នុងការវាយប្រហារយោធា ក្នុងអំឡុងពេលការចរចាទេ»។
លោកបាននិយាយថា៖«ខ្ញុំគិតដោយមានការពិចារណាសព្វបែបយ៉ាង យើងនៅតែត្រូវការពេលវេលាបន្ថែមទៀត» ដោយបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ«ទ្វារនៃការទូត នឹងត្រូវបានបិទឡើយ»។
កាលពីថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី គឺ Natanz, Fordow និង Isfahan ។ ជាការសងសឹកនោះ ប្រទេសអ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាកាស Al Udeid របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកាតា។