នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញ កំពុងដាក់ចេញនូវការគ្រប់គ្រងបណ្តោះអាសន្នយ៉ាងតឹងរ៉ឹងជាមួយប្រទេសអាល្លឺម៉ង់ និងលីទុយអានី ចាប់ពីថ្ងៃចន្ទ (០៧ កក្កដា) សប្ដាហ៍ក្រោយនេះតទៅ ស្របពេលមានភាពតានតឹងកើនឡើងខ្លាំង ជុំវិញការធ្វើអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនមិនទៀងទាត់។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋាភិបាលជាមួយឆ្មាំព្រំដែនប៉ូឡូញ កាលពីថ្ងៃអង្គារ (០១ កក្កដា) ឆ្លើយតបទៅនឹងការកើនឡើងនៃសម្ពាធនយោបាយក្នុងស្រុក និងការតវ៉ាគាំទ្រដោយក្រុមស្តាំនិយមជ្រុលនៅច្រកព្រំដែនប៉ូឡូញ ជាមួយអាល្លឺម៉ង់ កាលពីចុងសប្តាហ៍កន្លងទៅ។
ក្នុងការលើកឡើងនៅដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក Tusk បានស្តីបន្ទោសអាល្លឺម៉ង់ ចំពោះសកម្មភាពនេះ ដោយចោទថាទីក្រុងប៊ែរឡាំង ផ្លាស់ប្តូរគោលនយោបាយដែលបណ្តាលឱ្យមាន "ការបដិសេធយ៉ាងមានប្រសិទ្ធភាពលើការចូលក្នុងប្រទេសនេះដល់ជនអន្តោប្រវេសន៍ទាំងឡាយ ដែលធ្វើដំណើរទៅអាល្លឺម៉ង់ ដើម្បីស្នើសុំសិទ្ធិជ្រកកោន ឬទម្រង់បែបបទផ្សេងទៀត”។
គួរឱ្យដឹងថា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបង្កើតគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងជាងមុន ធ្វើជាសសរស្តម្ភនៃយុទ្ធនាការបោះឆ្នោតរបស់លោកកាលពីដើមឆ្នាំនេះ។ បន្ទាប់ពីលោកចូលកាន់តំណែងកាលពីខែឧសភា អាល្លឺម៉ង់បានបន្ថែមវត្តមាននគរបាលកាន់តែច្រើននៅតាមព្រំដែន ហើយនិយាយថា មនុស្សមួយចំនួនដែលព្យាយាមចូលអាល្លឺម៉ង់ នឹងត្រូវបណ្ដេញចេញ៕


