អាជ្ញាធរបាននិយាយថា យានដ្រូនជាច្រើនគ្រឿងរបស់អ៊ុយក្រែន បានវាយប្រហារលើទីក្រុង Izhevsk របស់រុស្ស៊ី កាលពីថ្ងៃអង្គារ (០១ កក្កដា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារចូលជ្រៅបំផុតមួយលើទឹកដីរុស្ស៊ី ក្នុងជម្លោះអាយុកាល ៣ឆ្នាំមកនេះ។

ក្រុង Izhevsk ដែលចម្ងាយជាង ១.០០០គីឡូម៉ែត្រពីសមរភូមិជួរមុខ មានកន្លែងផលិតសព្វាវុធ រួមទាំងរោងចក្រផលិតយានដ្រូនវាយប្រហារ និងកាំភ្លើងវែង Kalashnikov ដ៏ល្បីល្បាញលើពិភពលោក។
ប្រភពសេវាសន្តិសុខអ៊ុយក្រែន និយាយថា ទីក្រុងគីវ បានកំណត់គោលដៅលើក្រុមហ៊ុន
ផលិតយានដ្រូនមានមូលដ្ឋាននៅក្រុង Izhevsk ហើយថា ការវាយប្រហារនោះបានរំខានដល់ "លទ្ធភាពនៃការត្រៀមវាយលុក" របស់ទីក្រុងមូស្គូ។ ប្រធានតំបន់រុស្ស៊ីនោះបាននិយាយថា យានដ្រូនបានវាយប្រហារលើ “សហគ្រាស” ឧស្សាហកម្ម ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។

ភាគីជម្លោះទាំងពីរបានប្រជែងគ្នាកែលម្អបច្ចេកវិទ្យាដ្រូន និងបង្កើនការប្រើប្រាស់សព្វាវុធទាំងនោះលើសមរភូមិ ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ការអភិវឌ្ឍយានដ្រូនគឺជា "អាទិភាព" របស់យោធាអ៊ុយក្រែន។ ការវាយប្រហារដ៏ជ្រៅលើទឹកដីរុស្ស៊ីនេះ កើតឡើងស្របពេលមានរបាយការណ៍ថា សហរដ្ឋអាមេរិក កំពុងបញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅអ៊ុយក្រែន ដោយសារក្ដីបារម្ភថាឃ្លាំងស្តុកអាវុធរបស់ខ្លួនធ្លាក់ចុះច្រើនពេក៕
