សារបង្ហោះលើបណ្ដាញសង្គមចិន Weibo របស់ការិយាល័យគ្រប់គ្រងគ្រោះអាសន្នទីក្រុងប៉េកាំង បានឱ្យដឹងថា អាជ្ញាធរឧតុនិយមរបស់រដ្ឋធានីប្រទេសចិនមួយនេះ បានបើកប្រព័ន្ធឆ្លើយតបអាសន្ននៃគ្រោះទឹកជំនន់កម្រិតទី៤ នៅព្រឹកថ្ងៃពុធ (០២ កក្កដា) ខណៈក្រុងប៉េកាំង ត្រៀមទប់ទល់ភ្លៀងធ្លាក់ខ្លាំងថ្មីមួយ ដែលនឹងធ្លាក់លើតំបន់ភាគខាងជើងមួយនេះចាប់ពីរសៀលថ្ងៃពុធ ដល់ព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះ។

ការិយាល័យគ្រប់គ្រងទឹកជំនន់នៅទីក្រុងប៉េកាំង បានណែនាំដល់នាយកដ្ឋានពាក់ព័ន្ធឱ្យអនុវត្តវិធានការសង្គ្រោះបន្ទាន់ តាមដានយ៉ាងដិតដល់ភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លីក្នុងតំបន់ និងធានាឱ្យបាននូវការការពារទឹកជំនន់ប្រកបដោយប្រសិទ្ធភាពរបស់ទីក្រុង។
ក្រុមអ្នកជំនាញបានព្រមានពីហានិភ័យនៃទឹកជំនន់តំបន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅតំបន់ជួរភ្នំ ថៃហាង (Taihang) និង យានសាន (Yanshan) នៅភាគខាងជើងប្រទេសចិន ខណៈតំបន់ទីក្រុងដូចជានៅក្នុងទីក្រុងប៉េកាំង ធានជីន (Tianji) និងហឺប៉ី (Hebei) អាចប្រឈមនឹងការរំខានចរាចរណ៍ដោយសារការលិចទឹក នេះបើយោងតាមសារព័ត៌មាន Beijing Daily។
ការឆ្លើយតបមូលដ្ឋាននេះកើតឡើងស្របពេលមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសចិន។ រដ្ឋបាលឧតុនិយមចិន (CMA) នៅព្រឹកថ្ងៃពុធនេះ បានបន្តការប្រកាសអាសន្នពណ៌ខៀវរបស់ខ្លួនសម្រាប់ព្យុះភ្លៀង ដោយព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់ចំនួន១៤ ចាប់ពីម៉ោងក្នុងស្រុក ២រសៀលថ្ងៃពុធនេះ ដល់ម៉ោង២ រសៀលថ្ងៃព្រហស្បតិ៍ស្អែក (ពេលវេលានៅប្រទេសចិន)៕

