ប្រជាជនអាមេរិកជិតបីភាគបួន បានមើលឃើញថា អំពើហិង្សាបង្កឡើងដោយរឿងនយោបាយ បានក្លាយជាបញ្ហាដ៏ធំសម្រាប់សហរដ្ឋអាមេរិក នេះបើយោងតាមការស្ទង់មតិថ្មីមួយចេញផ្សាយកាលថ្ងៃអង្គារ (០១ កក្កដា) ដោយប្រព័ន្ធផ្សព្វផ្សាយ NPR និង PBS និងវិទ្យាស្ថាន Marist សម្រាប់មតិសាធារណៈ។

ការស្ទង់មតិទូទាំងប្រទេសបានសម្ភាសមនុស្សពេញវ័យ ១.៣៨១នាក់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា នៅទូទាំងសហរដ្ឋអាមេរិក ហើយបានបង្ហាញថា អត្រា ៧៣% នៃអ្នកឆ្លើយតបនិយាយថា ពួកគេចាត់ទុកអំពើហិង្សាដោយហេតុផលនយោបាយថាជាបញ្ហាជាតិដ៏សំខាន់។ សមាជិកបក្សប្រជាធិបតេយ្យ និងអ្នកឯករាជ្យ មានការព្រួយបារម្ភច្រើនខ្លាំងអំពីបញ្ហានេះជាងអ្នកមកពីបក្សសាធារណរដ្ឋ។
ទន្ទឹមនឹងនេះ តួលេខ ៧៦% នៃអ្នកឆ្លើយសំណួរជឿថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ប្រឈមនឹង "ការគំរាមកំហែងធ្ងន់ធ្ងរ"។ ការថប់បារម្ភនេះក៏បានលាតសន្ធឹងលើវិសាលគមនយោបាយ ដោយអត្រា ៨៩% នៃអ្នកប្រជាធិបតេយ្យ, ៨០% នៃអ្នកឯករាជ្យ និង ៥៧% នៃអ្នកសាធារណរដ្ឋ បានចែករំលែកទស្សនៈបែបនោះ។
ផ្អែកលើលទ្ធផលស្ទង់មតិខាងលើ ទស្សនាវដ្ដី Forbes បានដកស្រង់សម្តីក្រុមអ្នកជំនាញដែលនិយាយថា ការបែកបាក់ផ្នែកនយោបាយនៅសហរដ្ឋអាមេរិក កើតមានកាន់តែស៊ីជម្រៅអស់ជាច្រើនទសវត្សរ៍មកហើយ ហើយកម្រិតនៃភាពចម្រូងចម្រាស និងការប្រឈមមុខដាក់គ្នា ឥឡូវនេះបានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០មក និងសង្រ្គាមស៊ីវិលអាមេរិក ក្នុងសតវត្សទី១៩ ជាមួយនឹងកំណើនអំពើហិង្សា ដែលបង្កឡើងដោយហេតុផលនយោបាយ៕

