អង្គការសហប្រជាជាតិ បានព្រមានថា មនុស្សរាប់លាននាក់ដែលភៀសខ្លួនចេញពីជម្លោះ នៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមនឹងការធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានកាន់តែខ្លាំងឡើង ខណៈដែលពួកគេស្វែងរកទីជម្រក នៅក្នុងប្រទេសនានាដែលកំពុងជួបប្រទះនឹងអសន្តិសុខស្បៀងរួចហើយនោះ។

កម្មវិធីស្បៀងអាហារពិភពលោក ដែលជាទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ជនភៀសខ្លួនស៊ូដង់ជាង ៤ លាននាក់ នៅក្នុងប្រទេសជិតខាងកំពុងប្រឈមនឹងហានិភ័យនៃការទទួលរងនូវអសន្តិសុខស្បៀងបន្ថែមទៀត ខណៈដែលមូលនិធិដ៏សំខាន់សម្រាប់ជំនួយស្បៀងអាហារសង្គ្រោះជីវិត ត្រូវបានគេរំពឹងថា នឹងថយចុះ នៅក្នុងប៉ុន្មានខែខាងមុខនេះ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប អេត្យូពី លីប៊ី អ៊ូហ្គង់ដា និងឆាដ។

មនុស្សប្រហែល ៤0.000នាក់ ត្រូវបានសម្លាប់ និងជិត ១៣ លាននាក់ បានផ្លាស់ទីលំនៅ រួមទាំងទៅកាន់ប្រទេសផ្សេងទៀត ដោយសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៣។ នេះបើយោងតាមការប៉ាន់ស្មានពីទីភ្នាក់ងារអង្គការសហប្រជាជាតិ។
បណ្តាញវេជ្ជបណ្ឌិតស៊ូដង់ បាននិយាយថា ជិតពាក់កណ្តាលនៃចំនួនប្រជាជនដែលនៅសេសសល់ ក្នុងប្រទេសស៊ូដង់ កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ដោយតំបន់មួយចំនួននៃប្រទេសនេះកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ ដែលបានសម្លាប់កុមារចំនួន ២៣៩នាក់ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ នៅក្នុងទីក្រុង El Fasher ដែលជារដ្ឋធានីនៃខេត្ត North Darfur។