ប្រមុខការទូតរបស់សហភាពអឺរ៉ុប បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារថា ទីក្រុងប្រ៊ុចសែលមានឆន្ទៈក្នុងការសម្របសម្រួលដល់ការវិលត្រឡប់ទៅរកការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Kaja Kallas បានសរសេរនៅលើ បណ្តាញសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ថា៖«ការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គួរតែចាប់ផ្តើមឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ហើយ «កិច្ចសហប្រតិបត្តិការ»ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ត្រូវតែបន្តឡើងវិញ។

«សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលការងារនេះ»។
លោកស្រី Kallas បានព្រមានទីក្រុងតេអេរ៉ង់ថា៖«ការគំរាមកំហែងណាមួយដើម្បីដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធ មិនជួយបន្ថយភាពតានតឹងទេ»។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីលោក Aragchi បានច្រានចោលការបន្តកិច្ចចរចាឡើងវិញភ្លាមៗជាមួយសហរដ្ឋអាមេរិក ហើយបាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងត្រូវការការធានាជាមុនសិនថា ខ្លួននឹងមិនត្រូវបានវាយប្រហារម្តងទៀតឡើយ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងធ្វើការចរចានុយក្លេអ៊ែរ នៅពេលអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធយោធា។ សហរដ្ឋអាមេរិក បានចូលរួមក្នុងការវាយប្រហារដោយការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរចំនួនបីគឺ Fordo, Natanz និង Isfahan នៅថ្ងៃទី ២១ ខែមិថុនា។