កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ខ្លួន ភេរវករ និងក្រុមតំណាង» ជាង ៥០នាក់ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ហើយបាន សម្លាប់មនុស្សពីរនាក់ទៀត នៅក្នុងខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់IRGC Sepah News បុគ្គលទាំងនោះ ក៏មានទំនាក់ទំនងជាមួយ «ក្រុមភេរវករ» ដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសអ៊ីរ៉ង់ ហើយត្រូវបានចាប់ខ្លួន ឬសម្លាប់នៅក្នុងប្រតិបត្តិការក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

បុគ្គលទាំងនោះ បានស្វែងរកអស្ថិរភាពផ្នែកភាគខាងត្បូងនៃខេត្ត Sistan និង Baluchestan ហើយបានធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ ដើម្បីធ្វើឲ្យខូចដល់វិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដោយបន្ថែមថាអាវុធ និងគ្រាប់រំសេវជាច្រើនរួមទាំងអាវុធរបស់អាមេរិក ត្រូវបានរឹបអូសពីពួកគេ។
កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើន ក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាច្រើនលើកទៅលើអ៊ីស្រាអែល។
បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១២ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រូវបានឈានដល់ នៅថ្ងៃទី ២៤ ខែមិថុនា។