ក្រុមហាម៉ាសបាននិយាយថា កុមារជាច្រើនរយនាក់នៅតំបន់ហ្កាហ្សា បានកើតជំងឺរលាកស្រោមខួរ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
ចលនានេះ បានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ការកើតជំងឺរលាកស្រោមខួរ ក្នុងចំណោមកុមារនៅតំបន់ហ្កាហ្សា កំពុងកើនឡើង ដោយមានរាប់រយករណីបែបនេះ ត្រូវបានចុះបញ្ជី ក្នុង រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ការផ្ទុះឡើងនៃជំងឺនេះ បង្កហានិភ័យនៃគ្រោះមហន្តរាយមនុស្សធម៌មួយផ្សេងទៀត ចំពេលមានការដួលរលំនៃប្រព័ន្ធថែទាំសុខភាពទាំងស្រុង នៅក្នុងទឹកដីនេះ» ដោយបានអំពាវនាវដល់អង្គការសុខភាពពិភពលោកឲ្យ«ចូលទៅជួយសង្គ្រោះជីវិតកុមារប៉ាឡេស្ទីនជាបន្ទាន់» នៅក្នុងតំបន់ហ្កាហ្សា។

កាលពីថ្ងៃទី ០២ ខែមីនា អ៊ីស្រាអែលបា នផ្អាកជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សាស្ទ្រីប ហើយបានបិទច្រកត្រួតពិនិត្យទាំងអស់ ដោយលើកឡើងពីការបដិសេធរបស់ហាម៉ាស មិនទទួលយកផែនការរបស់លោកSteve Witkoff ដែលជាបេសកជនពិសេសនៃប្រធានាធិបតីអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ រយៈពេលមួយសប្តាហ៍ក្រោយមក រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែលលោក Eli Cohen បានបញ្ជាឲ្យកាត់បន្ថយការផ្គត់ផ្គង់ថាមពល ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ហើយនៅថ្ងៃទី ១៨ ខែមីនា អ៊ីស្រាអែល បានបន្តមានអរិភាពនៅក្នុងដែនដីនេះ បន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលពីរខែ។
