អភិបាលក្រុង Los Angeles បានរិះគន់បណ្តឹងរបស់រដ្ឋបាល លោកTrump ប្រឆាំងនឹងទីក្រុងនេះ ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន។ លោកស្រីអភិបាលក្រុង បានសន្យាបន្តការពារសហគមន៍ជនអន្តោប្រវេសន៍នៅក្នុងទីក្រុង។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្តឹងទីក្រុង Los Angeles នៅក្នុងតុលាការសហព័ន្ធ ដោយអះអាងថា គោលនយោបាយរបស់ទីក្រុងបានរារាំងដល់ការអនុវត្តច្បាប់អន្តោប្រវេសន៍ និងបំពានច្បាប់សហព័ន្ធ។ ក្រសួងក៏បានដាក់កំហុសលើការបដិសេធរបស់ទីក្រុងមិនសហការការរួមចំណែកដល់ «ភាពគ្មានច្បាប់ កុប្បកម្ម ចោរកម្ម និងការបំផ្លិចបំផ្លាញ» ក្នុងអំឡុងពេលតវ៉ា។

គោលនយោបាយ «ទីក្រុងជម្រក» របស់ទីក្រុង Los Angeles បានហាមឃាត់ការប្រើប្រាស់បុគ្គលិកទីក្រុង និងមូលនិធិ សម្រាប់ការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ។ អភិបាលក្រុង Los Angeles លោក ស្រី Karen Bass បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា «ពាក្យបណ្តឹងនេះ គឺជាការប៉ុនប៉ងដើម្បីធ្វើឲ្យដួលរលំឆន្ទៈរបស់ទីក្រុងដែលអំពាវនាវឱ្យបញ្ឈប់គោលនយោបាយយូរអង្វែងដើម្បីការពារជនអន្តោប្រវេសន៍នៅក្នុងទីក្រុងនេះ»។ លោកស្រីនិយាយថា «ថ្ងៃទី ៥ ខែមិថុនា បីសប្តាហ៍កន្លងទៅនេះ ទីក្រុង Los Angeles មានភាពស្ងប់ស្ងាត់»។ ប៉ុន្តែនៅថ្ងៃបន្ទាប់ រដ្ឋាភិបាលសហព័ន្ធ បានចាប់ផ្តើមការឆ្មក់បង្ក្រាបអន្តោប្រវេសន៍ ដោយចាប់ផ្តើមនូវអ្វីដែលលោកស្រីហៅថា «ការវាយប្រហារទាំងស្រុង» លើទីក្រុង។ លោកស្រីនិយាយថានឹងតែងតែការពារអ្នករស់នៅក្នុងទីក្រុង Los Angeles ប្រឆាំងនឹង «ចំណាត់ការដែលអយុត្តិធម៌ និងឃោរឃៅរបស់រដ្ឋបាលនេះ»។
កាសែត Los Angeles Times បានរាយការណ៍ថា មន្ត្រីជាប់ឆ្នោតរបស់ទីក្រុង កំពុងពិចារណាដាក់ពាក្យបណ្តឹងផ្ទាល់របស់ខ្លួនប្រឆាំងនឹងរដ្ឋបាល លោកTrump ជុំវិញបញ្ហានេះ។

