រដ្ឋមន្ត្រីការបរទេសមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសឥណ្ឌា បាននិយាយថា ពួកគេនឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្នុងការដោះស្រាយធនធានរ៉ែសំខាន់ៗ។ កិច្ចប្រជុំនៃក្របខណ្ឌប្រទេសទាំងបួនដែលគេស្គាល់ថា ក្វាត(QUAD) បានធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Iwaya Takeshi រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar។

នៅពេលចាប់ផ្តើមកិច្ចពិភាក្សា លោកIwaya បាននិយាយថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាក្បាលម៉ាស៊ីនកំណើនសម្រាប់សេដ្ឋកិច្ចសកល ហើយសន្តិភាពនិងស្ថិរភាពរបស់តំបន់នេះ មានសារៈសំខាន់សម្រាប់វិបុលភាពរបស់សហគមន៍អន្តរជាតិ។ លោកបាននិយាយបន្ថែមថា ប្រទេសទាំងបួនដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រេចបានជាមហាអំណាចក្នុងតំបន់។
ក្រុមរដ្ឋមន្ត្រី បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតឆ្ពោះទៅរកការសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ។ ក្រុមប្រទេសនេះ បានបញ្ជាក់ពីការប្រឆាំងយ៉ាងខ្លាំងរបស់ខ្លួនចំពោះការប៉ុនប៉ងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង រួមទាំងនៅសមុទ្រចិនខាងកើតនិងខាងត្បូង ខណៈប្រទេសចិនកំពុងបង្កើនការអះអាងសិទ្ធនៅក្នុងដែនទឹកនោះ។ ប្រទេសទាំងបួនបានព្រមព្រៀងធ្វើការរួមគ្នាក្នុងការអភិវឌ្ឍន៍ និងការផលិតសារធាតុរ៉ែសំខាន់ៗ និងក្នុងការបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់ថ្មីសម្រាប់ពួកគេ។ ប្រទេសចិន បានក្លាយជាប្រទេសសំខាន់ក្នុងការផ្គត់ផ្គង់រ៉ែសំខាន់ៗជាសាកល។ រដ្ឋមន្ត្រីការបរទេស ក្រុមប្រទេសQUAD បានជួបប្រជុំគ្នាជាលើកទីពីរ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែង។
