ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនពិចារណាពីការបន្ថែមពេលនៃកាលបរិច្ឆេទនៅថ្ងៃទី៩ ខែកក្កដានោះទេ សម្រាប់ប្រទេសនានាដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយបានបន្តបង្ហាញមន្ទិលសង្ស័យចំពោះកិច្ចព្រមព្រៀងមួយដែលអាចឈានដល់ជាមួយប្រទេសជប៉ុន។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា «យើងបានដោះស្រាយជាមួយប្រទេសជប៉ុន។ ខ្ញុំមិនប្រាកដនោះទេថា យើងនឹងមានកិច្ចព្រមព្រៀងនោះ»។
លោក Trump បាននិយាយថា លោកអាចដាក់ការដំឡើងពន្ធ៣០% ឬ៣៥% ឬអ្វីក៏ដោយ នូវចំនួនដែលយើងកំណត់លើការនាំចូលពីប្រទេសជប៉ុន លើសពីអត្រាដំឡើងពន្ធ២៤% ដែលលោកបានប្រកាសកាលពីថ្ងៃទី២ ខែមេសា ហើយក្រោយមកបានផ្អាកទៅវិញ។
យោងតាមមន្ត្រីសេតវិមានបានឲ្យដឹងថា រដ្ឋបាល លោក Trump គ្រោងនឹងផ្តល់អាទិភាពដល់ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា រួមទាំងប្រទេសឥណ្ឌានៅមុនប្រទេសជប៉ុន នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលឈានដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី៩ ខែកក្កដា នៅពេលដែលការដំឡើងពន្ធខ្ពស់របស់សហរដ្ឋអាមេរិកចូលជាធរមាន ។
