ប្រភពចំនួន ២ ដែលបានដឹងអំពីបញ្ហានេះ បានប្រាប់ថា ក្រុមមន្ត្រីលីបង់ កាលពីថ្ងៃអង្គារ (ទី១ ខែកក្កដា) កំពុងរៀបចំសេចក្តីព្រាងឆ្លើយតប ចំពោះការទាមទាររបស់សហរដ្ឋអាមេរិកឲ្យរំសាយអាវុធក្រុមហេសបូឡា នៅទូទាំងប្រទេស ត្រឹមខែវិច្ឆិកា ជាថ្នូរនឹងការបញ្ឈប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។
ពេលវេលាកំណត់នេះបានបន្ថែមផលវិបាកកាន់តែងខ្លាំងឡើងៗទៅលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់អ៊ីស្រាអែល ក្នុងអំឡុងសង្រ្គាម កាលពីឆ្នាំមុន ដែលកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ និងដែលប្រឈមជាមួយសម្ពាធនៅក្នុងប្រទេសលីបង់ឲ្យរំសាយអាវុធ។

ការទាមទាររបស់ក្រុងវ៉ាស៊ីនតោន ត្រូវបានបង្ហាញដោយលោក Thomas Barrack បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសស៊ីរី និងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសទួរគី ក្នុងដំណើរទៅកាន់ទីក្រុង Beirut (បេរូ) កាលពីថ្ងៃទី១៩ ខែមិថុនា។
ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះ ប្រភពបានប្រាប់សារព័ត៌មាន Reuters ថា លោក Barrack បានចែករំលែកផែនទីបង្ហាញផ្លូវជាលាយលក្ខណ៍អក្សរជាមួយមន្ត្រីលីបង់ ហើយបានប្រាប់ពួកគេថា លោករំពឹងថា នឹងទទួលបានការឆ្លើយតបមកវិញ នៅថ្ងៃទី១ ខែកក្កដា ពាក់ព័ន្ធនឹងការស្នើកែសម្រួល។
ប្រភពបានបញ្ជាក់បន្ថែមថា ប្រទេសលីបង់បានតែងតាំងគណៈកម្មាធិការមួយ ដើម្បីបង្កើតការឆ្លើយតបបឋម ដែលរួមមានគណៈប្រតិភូមកពីការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Nawaf Salam ប្រធានាធិបតី លោក Joseph Aoun និងប្រធានសភា លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា៕
