ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas នៅថ្ងៃពុធ (ទី២ ខែកក្កដា) នេះ បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត «យ៉ាងខ្លាំង» បន្ទាប់ពីក្រុមចោរព័ត៌មានវិទ្យា បានជ្រៀតចូលប្រព័ន្ធដែលមានទិន្នន័យរសើប ពាក់ព័ន្ធនឹងអតិថិជនចំនួន ៦លាននាក់។

ក្រុមហ៊ុនអាកាសចរណ៍ Qantas បានប្រាប់ថា ក្រុមចោរព័ត៌មានវិទ្យាបានកំណត់គោលដៅមួយនៃមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជនរបស់ខ្លួន ដោយរំលោភលើប្រព័ន្ធកុំព្យូទ័រដែលប្រើដោយភាគីទី៣។ ក្រុមហ៊ុនដ៏ធំរបស់អូស្ត្រាលីមួយនេះ បានបញ្ជាក់ថា ខ្លួនមានសិទ្ធិចូលប្រើព័ត៌មានរសើប ដូចជាឈ្មោះអតិថិជន អាសយដ្ឋានអ៊ីម៉ែល លេខទូរសព្ទ និងថ្ងៃខែឆ្នាំកំណើត។
ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មានអតិថិជន ៦លាននាក់ដែលមានកំណត់ត្រាសេវាកម្ម នៅក្នុងប្រព័ន្ធ។ យើងកំពុងបន្តស៊ើបអង្កេតសមាមាត្រនៃទិន្នន័យដែលត្រូវបានលួច តែយើងរំពឹងថា វានឹងមានចំនួនច្រើន»។
ក្រុមហ៊ុន Qantas បានបន្ថែមថា ព័ត៌មានលម្អិតកាតឥណទាន និងលេខលិខិតឆ្លងដែន មិនត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធនោះទេ។ យ៉ាងណាក្ដី មិនមានផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Qantas ឬសុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍នេះឡើយ៕
