ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃពុធ (ទី២ ខែកក្កដា) នេះថា ប្រទេសកូរ៉េខាងជើង បានបើកដំណើរការតំបន់រមណីយដ្ឋានដ៏មហិមា នៅឆ្នេរភាគខាងកើត ដោយគម្រោងទេសចរណ៍របស់មេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) មួយនេះ ត្រូវបានរាយការណ៍ថា ត្រៀមស្វាគមន៍ភ្ញៀវរុស្ស៊ី ក្នុងខែនេះ។
បើយោងតាមទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ដោយត្រូវបានដាក់ឈ្មោះថា «Waikiki របស់កូរ៉េខាងជើង» ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង តំបន់ទេសចរណ៍ឆ្នេរ Wonsan Kalma អាចទទួលមនុស្សបានជិត ២០.០០០នាក់ ដែលពីមុនត្រូវបានពណ៌នាថា ជា «រមណីយដ្ឋានវប្បធម៌លំដាប់ពិភពលោក»។

ក្រុមអ្នកវិភាគ បានលើកឡើងថា លោក Kim បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់កូរ៉េខាងជើង ក្នុងអំឡុងឆ្នាំដំបូងនៃការចូលកាន់អំណាច ហើយតំបន់រមណីយដ្ឋានឆ្នេរនេះ គឺជាការផ្តោតពិសេស។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា តំបន់ទេសចរណ៍នេះ បានបើកឲ្យភ្ញៀវទេសចរក្នុងស្រុក កាលពីថ្ងៃអង្គារ ដោយបានផ្សព្វផ្សាយនូវរូបភាពអ្នកទេសចរ ក្នុងឈុតហែលទឹកចម្រុះពណ៌ ដែលកំពុងរីករាយនឹងឆ្នេរនេះ។
សារព័ត៌មាន KCNA រាយការណ៍ថា ប្រជាជនកូរ៉េខាងជើងគ្រប់វ័យមកពីទូទាំងប្រទេស បានសម្រុកមកកាន់រមនីយដ្ឋាននេះ ក្នុងសប្តាហ៍នេះ «ពេញដោយភាពរីករាយ ក្រោយទទួលបានកម្រិតអរិយធម៌ថ្មីមួយ»។
សារព័ត៌មាននេះ បានបន្ថែមថា ភ្ញៀវទេសចរមានការភ្ញាក់ផ្អើល ចំពោះភាពសម្បើមអស្ចារ្យ និងភាពឆើតឆាយនៃទីក្រុងទេសចរណ៍ ដែលមានអគារជាង ៤០០ ត្រូវបានរចនាយ៉ាងស្រស់ស្អាត នៅតាមបណ្តោយឆ្នេរខ្សាច់ពណ៌សប្រកបដោយភាពសុខដុមរមនា»៕


