ទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា បានរាយការណ៍ថា អ្នកតំណាងមកពីមន្ទីរពេទ្យដ៏ធំបំផុត al-Shifa នៅតំបន់ហ្កាហ្សា នៅភាគខាងជើងនៃដែនដីនេះ បាននិយាយថា អ្នកជំងឺរាប់រយនាក់ បានជួបនឹង ហានិភ័យភ្លាមៗ ដោយសារតែកន្លែងនោះ អស់ប្រេងឥន្ធនៈ ដែលបានបណ្តាលមកពីអ៊ីស្រាអែលបិទផ្លូវ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ ការបិទផ្លូវរបស់អ៊ីស្រាអែល បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់មន្ទីរពេទ្យ ដោយធ្វើឲ្យម៉ាស៊ីនភ្លើងបម្រុងដែលផ្តល់ថាមពលដល់ការថែទាំបន្ទាន់ មិនអាចដំណើរការបាន។ ពេលនេះ ម៉ាស៊ីនទាំងនោះ លែងដំណើរការហើយ។ នេះមានន័យថា ម៉ាស៊ីនលាងឈាមតម្រងនោម បានឈប់ដំណើរការ ហើយអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង លែងដំណើរការ ដែលឲ្យមនុស្សរាប់រយនាក់ប្រឈមនឹងហានិភ័យភ្លាមៗ»។ សារ័ត៌មាននេះ បានកត់សម្គាល់ថា៖«មន្ទីរពេទ្យដ៏ធំបំផុតនៅតំបន់ហ្កា ហ្សាគឺ al-Shifa កំពុងប្រឈមមុខនឹងការដួលរលំដ៏មហន្តរាយ ដោយសារតែកង្វះខាតប្រេងឥន្ធនៈ បង្ខំឱ្យសេវាកម្មសំខាន់ៗ ត្រូវបិទ»។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អង្គការអន្តរជាតិ បានលើកឡើងម្តងហើយម្តងទៀតនូវការព្រួយបារម្ភថា អ្នកស្រុកចំនួន២,១លាននាក់នៅហ្កាហ្សា កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ និងសម្ភារៈចាំបាច់ជាមូលដ្ឋានជាប្រចាំ ខណៈដែលការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ដែនដីដែលកំពុងជួបបញ្ហានេះ គឺមិនទៀងទាត់។
