ក្រុមអ្នកពន្លត់អគ្គិភ័យ នៅក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ពួកគេបានប្រទះឃើញសពមនុស្ស ២នាក់ បន្ទាប់ពីមានអគ្គិភ័យ នៅភាគឦសានប្រទេស ដែលកំពុងស្ថិតក្នុងពេលវេលាមានរលកកម្ដៅក្ដៅដ៏អាក្រក់ខ្លាំង។
គួរបញ្ជាក់ថា រលកកម្ដៅ នៅទូទាំងទ្វីបអឺរ៉ុប ក្នុងសប្តាហ៍នេះ បានបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់ ដែលបណ្តាលឲ្យមានការបិទសាលារៀន និងបង្កើនហានិភ័យពីការមានអគ្គិភ័យ។

អាជ្ញាធរក្នុងតំបន់ Catalonia របស់អេស្ប៉ាញ កាលពីថ្ងៃអង្គារ (ទី១ ខែកក្កដា) បានប្រាប់ឲ្យមនុស្សប្រហែល ១៤.០០០នាក់ ឲ្យនៅក្នុងផ្ទះសម្បែងរបស់ពួកគេ ដោយសារចំហេះព្រៃចំនួន ២ ដែលបានកើតឡើងស្ទើរតែក្នុងពេលដំណាលគ្នា នៅខេត្ត Lerida។
ភ្នាក់ងារពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មួយក្នុងចំណោមអគ្គិភ័យទាំង២ នៅជិតទីក្រុង Cosco «មនុស្ស ២នាក់ ត្រូវបានប្រទះឃើញមិនមានជីវិត ដោយអ្នកពន្លត់អគ្គិភ័យ»។
មូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែទីភ្នាក់ងារនេះ បានឲ្យដឹងថា កម្ដៅអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំងដែលបណ្តាលមកពីព្យុះ បានធ្វើឲ្យអណ្តាតភ្លើងមានកម្លាំងកាន់តែខ្លាំងឡើងៗ៕


