អ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ (ទី២ ខែកក្កដា) នេះ ដោយការសម្រេចនេះ កើតឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានបទឈប់បាញ់ ក្នុងសង្រ្គាម ដែលបានឃើញថា អ៊ីស្រាអែល និងអាមេរិក វាយប្រហារទីតាំងនុយក្លេអ៊ែរ នៅក្នុងដែនដីសាធារណរដ្ឋឥស្លាម។

សង្គ្រាមមិនធ្លាប់មានពីមុនមក ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៣ ខែមិថុនា និងមានរយៈពេល ១២ថ្ងៃ បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងតេអេរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។
កាលពីថ្ងៃទី២៥ ខែមិថុនា មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់បានឈានដល់ សមាជិកសភាអ៊ីរ៉ង់ បានបោះឆ្នោតគាំទ្រក្នុងសំឡេងយ៉ាងច្រើនលើសលប់ ចំពោះសេចក្តីព្រាងច្បាប់ ដើម្បីផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារនេះ។ ក្រោយមក ច្បាប់នោះត្រូវបានអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាល ជាស្ថាប័នមួយដែលមានភារកិច្ចត្រួតពិនិត្យច្បាប់ មុនមានការផ្តល់សច្ចាប័នចុងក្រោយពីប្រធានាធិបតី។
ហើយនៅថ្ងៃពុធនេះ ទូរទស្សន៍រដ្ឋបានផ្សាយថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសច្បាប់ ដែលនឹងផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
គួរបញ្ជាក់ថា មន្ត្រីអ៊ីរ៉ង់បានរិះគន់យ៉ាងខ្លាំងដល់ IAEA ចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជា «ភាពស្ងៀមស្ងាត់» របស់ទីភ្នាក់ងារនេះ នៅចំពោះមុខការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់៕
