អាជ្ញាធរមហាផ្ទៃ នៅតំបន់ហ្កាហ្សា នាថ្ងៃពុធ (ទី២ ខែកក្កដា) បានបញ្ជាឲ្យមេដឹកនាំនៃក្រុមកុលសម្ព័ន្ធដែលប្រដាប់ដោយអាវុធទំនើបៗ គឺក្រុម Bedouin ដែលប្រឆាំងនឹងការគ្រប់គ្រងលើដែនដីប៉ាឡេស្ទីនរបស់ក្រុមហាម៉ាស ឲ្យព្រមចុះចាញ់ ហើយប្រឈមជាមួយការកាត់ទោស ដោយចោទប្រកាន់លោកពីបទក្បត់ជាតិ។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរនេះ បានឲ្យដឹងថា ការសម្រេចនេះត្រូវបានធ្វើឡើងតាមអ្វីដែលខ្លួនហៅថា «តុលាការបដិវត្តន៍»។ លោក Yasser Abu Shabab ដែលមិនទទួលស្គាល់អាជ្ញាធររបស់ក្រុមហាម៉ាស និងបានចោទក្រុមសកម្មប្រយុទ្ធនេះថា បានបំផ្លាញផលប្រយោជន៍របស់តំបន់ហ្កាហ្សា មានពេល ១០ថ្ងៃ ក្នុងការប្រគល់ខ្លួន។

តុលាការបានជំរុញឲ្យប្រជាជនប៉ាឡេស្ទីនជូនដំណឹងដល់មន្ត្រីសន្តិសុខរបស់ក្រុមហាម៉ាស អំពីកន្លែងលាក់ខ្លួនរបស់លោក Abu Shabab ដែលរហូតមកដល់ពេលនេះ នៅតែស្ថិតនៅកន្លែងហួសពីដែនសមត្ថកិច្ចរបស់ពួកគេ ជាពិសេសក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សាដែលកាន់កាប់ដោយទាហានអ៊ីស្រាអែល។ មិនមានការឆ្លើយតបភ្លាមៗនោះឡើយពីក្រុមរបស់លោក ពាក់ព័ន្ធនឹងការបញ្ជាឲ្យប្រគល់ខ្លួននេះ។
ប្រភពពីក្រុមហាម៉ាស និងប្រភព ២ផ្សេងទៀត ដែលដឹងពីកិច្ចការនេះ បានប្រាប់សារព័ត៌មាន Reuters កាលពីខែមុនថា ក្រុមហាហ៉ាស ដែលបានចោទប្រកាន់លោក Abu Shabab ថា បានលួចរថយន្តជំនួយរបស់អង្គការសហប្រជាជាតិ និងថា លោកត្រូវបានគាំទ្រដោយអ៊ីស្រាអែល បានបញ្ជូនយុទ្ធជនពូកែៗមួយចំនួន ដើម្បីតាមសម្លាប់រូបលោក៕

