បាល់ទាត់៖ ចុងសប្តាហ៍កន្លងទៅនេះជើងរងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងបានបង្ហាញកីឡាករថ្មីរបស់ខ្លួន Takashi Odawara តំណែងខ្សែបម្រើត្រៀមសម្រាប់រដូវកាលថ្មី ២០២២ ដែលនឹងចូលមកដល់នៅពេលខាងមុខ។ វត្តមានរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះកើតឡើងបន្ទាប់ពីការមកដល់របស់កីឡាករជប៉ុនមួយទៀតគឺ Mizuno Hikaru មកពីបឹងកេត និងកីឡាករកម្ពុជា ឡុង ភារ៉ាត់ ពីអង្គរថាយហ្គឺរ និងការចាកចេញរបស់ Privat ទៅកាន់ក្លិប Bali United របស់ឥណ្ឌូនេស៊ី។
Takashi Odawara ជាកីឡាករសញ្ជាតិជប៉ុនទី៣ របស់ក្លិបព្រះខ័នរាជស្វាយរៀងបន្ទាប់ Daisuke Kobayashi និង Hikaru។ Odawara ដែលកើតនៅទីក្រុងតូក្យូប្រទេសជប៉ុន ផ្តើមអាជីពបាល់ទាត់ដំបូងក្នុងក្រុមយុវជនរបស់ក្លិបសាកលវិទ្យាល័យកសិកម្មតូក្យូឆ្នាំ២០១៤ មុនផ្ទេរទៅលេងនៅលីគហ្វីលីពីនជាមួយក្លិប Marikana City ឆ្នាំ២០១៥ ដល់២០១៧, ក្លិប Davao Aguilas F.C. ២០១៨, ក្លិប United City (Ceres Negros ពីមុន) ឆ្នាំ២០១៩ ដល់២០២០ និងក្លិបលីគប្រទេសម៉ាល់ឌីវ Maziya។ Takashi Odawara នឹងពាក់អាវលេខ ៦១ នៅក្លិបព្រះខ័នរាជស្វាយរៀង៕
អត្ថបទ៖ គង់ ហួន