យោងតាមអាជ្ញាធរសូម៉ាលី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣នាក់ បានបាត់បង់ជីវិត នៅពេលដែលឧទ្ធម្ភាគចក្រយោធាបម្រើការឲ្យបេសកកម្មរក្សាសន្តិភាពសហភាពអាហ្រ្វិក នៅប្រទេសសូម៉ាលី បានធ្លាក់ នាថ្ងៃពុធ (ទី២ ខែកក្កដា) នេះ នៅឯអាកាសយានដ្ឋាន ក្នុងរដ្ឋធានី Mogadishu។

ឧទ្ធម្ភាគចក្រនេះកំពុងហោះទៅដល់ បន្ទាប់ពីបានចាកចេញពីព្រលាន Balli-doogle Airfield ក្នុងតំបន់ Lower Shabelle ដោយមានមនុស្ស ៨នាក់ជិះនៅលើនោះ។
ប្រធានការិយាល័យអន្តោប្រវេសន៍ នៅអាកាសយានដ្ឋាន Aden Abdulle នៃទីក្រុង Mogadishu គឺលោក Artan Mohamed បាននិយាយថា៖ «មនុស្សយ៉ាងហោចណាស់ ៣នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់»។ លោកបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះដើមឡើយ ជាកម្មសិទ្ធិរបស់កងទ័ពអាកាសអ៊ូហ្គាន់ដា ប៉ុន្តែត្រូវបានដំណើរការដោយបេសកកម្មរក្សាសន្តិភាពសហភាពអាហ្វ្រិក។
ចំណែកអគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលសូម៉ាលី គឺលោក Ahmed Moalim Hassan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីចំនួនអ្នកស្លាប់ និងរបួស ព្រមទាំងការខូចខាតទាំងស្រុង៕
