នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃពុធ (ទី2 ខែកក្កដា) នេះ បានលើកឡើងថា លោកបានប្តេជ្ញាការពារផលប្រយោជន៍ជាតិនៃប្រទេសរបស់លោក ខណៈដែលការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានជួបការលំបាក ហើយលោកប្រធានាធិបតី Donald Trump បានគំរាមដំឡើងពន្ធបន្ថែមលើសម្ព័ន្ធមិត្តអាស៊ីមួយនេះ។

អំឡុងពេលជជែកដេញដោលជាសាធារណៈជាមួយបណ្ដាមេដឹកនាំបក្សប្រឆាំង លោក Ishiba បាននិយាយថា៖ «ប្រទេសជប៉ុនមានភាពខុសប្លែកពីប្រទេសដទៃទៀត ដោយសារយើងជាអ្នកវិនិយោគធំជាងគេបំផុត នៅសហរដ្ឋអាមេរិក ដែលបង្កើតបានការងារច្រើន»។ លោកបានបន្តថា៖ «ដោយផ្តោតជាសំខាន់លើការវិនិយោគជាជាងបញ្ហាពន្ធ យើងនឹងបន្តការពារផលប្រយោជន៍ជាតិរបស់យើង»។
គួរបញ្ជាក់ថា លោក Trump កាលពីថ្ងៃអង្គារ បានបង្ហាញពីមន្ទិលសង្ស័យ លើលទ្ធភាពនៃការមានកិច្ចព្រមព្រៀង ជាមួយប្រទេសជប៉ុន ដោយបានព្រលយពាក្យថា លោកអាចដាក់អត្រាពន្ធ ៣០ ឬ ៣៥ភាគរយលើការនាំចូលពីប្រទេសជប៉ុន ពោលគឺលើសពីអត្រា ២៤ភាគរយដែលលោកបានប្រកាសនៅថ្ងៃទី២ ខែមេសា និងដែលបន្ទាប់មកបានផ្អាករហូតដល់ថ្ងៃទី៩ ខែកក្កដា៕
