អ៊ុយក្រែនបានកោះអញ្ជើញអ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់ នៅថ្ងៃពុធ (ទី២ ខែកក្កដា) ដោយជំរុញឲ្យសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនកុំកាត់បន្ថយ ឬពន្យារពេលផ្ដល់ជំនួយផ្នែកយោធាដ៏ចាំបាច់ បន្ទាប់ពីសេតវិមាន បានប្រកាសថា ខ្លួនកំពុងបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួន។
ទីក្រុងគីវ បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានប្រាប់ខ្លួនឡើយ អំពីការបញ្ឈប់ផ្ដល់ជំនួយនេះ ដែលអាចរារាំងសមត្ថភាពទប់ទល់នឹងការកើនឡើងនូវការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ ទីក្រុងមូស្គូបានបង្ហាញការត្រេកអរ ចំពោះការសម្រេចនេះ ដោយប្រាប់ថា វាអាចនាំឲ្យមានការបញ្ចប់សង្រ្គាមកាន់តែលឿន។

ទីក្រុងគីវ មានការភ័យខ្លាចជាយូរមកហើយ ចំពោះការបញ្ឈប់ផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក Donald Trump ដែលបានវិលត្រលប់ទៅសេតវិមានវិញ ក្នុងខែមករា បានរិះគន់ ចំពោះការចំណាយរាប់សិបពាន់លានដុល្លារ ជាការគាំទ្រ និងការផ្ដល់អាវុធដែលធ្វើឡើងដោយកាន់តំណែងមុនរបស់លោក គឺលោក Joe Biden។
អនុប្រធានបេសកកម្មរបស់ស្ថានទូតអាមេរិក លោក John Ginkel ត្រូវបានកោះអញ្ជើញ នៅថ្ងៃពុធនេះ ជាវិធានការការទូតដ៏កម្រមួយ ដែលតាមធម្មតាត្រូវបានត្រៀមទុកអនុវត្ត ចំពោះសត្រូវ និងគូប្រជែង មិនមែនជាមួយសម្ព័ន្ធមិត្តដ៏សំខាន់នោះឡើយ ចំពេលមានភាពមិនច្បាស់លាស់ អំពីអ្វីដែលការផ្អាកនេះ មានផលប៉ះពាល់ដល់ទីក្រុងគីវ៕

