តំណាងរាស្រ្តជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែននិយាយនៅថ្ងៃពុធនេះថា ការសម្រេចចិត្តរបស់មន្ទីរបច្ចកោណបញ្ឈប់ការដឹកជញ្ជូនអាមេរិកមួយចំនួនដល់អ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាស គឺជាការឈឺចាប់មួយសម្រាប់កិច្ចខិតខំរបស់ទីក្រុងគីវ ក្នុងការការពារប្រឆាំងការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ី ។
សេតវិមាននិយាយថា សហរដ្ឋអាមេរិក បានផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនទៅកាន់ទីក្រុងគីវ ខណៈសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន កាន់តែខ្លាំងក្លា ។
អ្នកនាំពាក្យសេតវិមានលោកស្រី Anna Kelly បាននិយាយកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តនេះធ្វើឡើង ដើម្បីគិតផលប្រយោជន៍អាមេរិកជាធំ ហើយអនុវត្តតាមការត្រួតពិនិត្យរបស់ក្រសួងការពារជាតិអំពី ការគាំទ្រ និងជំនួយផ្នែកយោធារបស់សហរដ្ឋអាមេរិក ដល់ប្រទេសដទៃ ។
លោក Fedir Venislavskyi គឺជាតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចបម្រើប្រជាពលរដ្ឋ និងជាសមាជិកគណៈកម្មាធិការការពារជាតិរបស់សភានិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងគីវ ថា ការសម្រេចចិត្តនេះ គឺជារឿងមិនសប្បាយចិត្តទាល់តែសោះចំពោះពួកយើង ។
លោកបន្តថា វាគឺជារឿងឈឺចាប់ណាស់ ហើយប្រឆំាងនឹងសវតារនៃការវាយប្រហារភេរវកម្មដែលរុស្ស៊ីបានធ្វើលើអ៊ុយក្រែន ។ វាគឺជាស្ថានភាពមិនសប្បាយចិត្តទាល់តែសោះ ។
មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសារអ៊ីមែលថា ខ្លួនកំពុងផ្តល់ជម្រើសមួយចំនួនដល់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបន្តជំនួយយោធាដល់អ៊ុយក្រែន ឲ្យស្របតាមគោលដៅនៃការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅទីនោះ។
សូមបញ្ជាក់ថា អាមេរិកបានបញ្ជូនជំនួយយោធារាប់សិបពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន អំឡុងរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលនាំឲ្យរដ្ឋបាលលោក Trump សម្ដែងក្ដីបារម្ភថា ឃ្លាំងស្តុកអាវុធរបស់សហរដ្ឋអាមេរិក មានកម្រិតទាបខ្លាំងពេក ៕