ភ្នំពេញ៖ ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមស្របពេលដែលវិវាទព្រំដែន កម្ពុជា-ថៃ កំពុងឡើងកម្ដៅ ដូច្នេះឯកឧត្តមបានបញ្ជាក់ថា ការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃគួរអនុវត្តតាមយន្តការសន្ទនាគ្នាស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានសរសេរថា ឯកឧត្តម ទើបតែបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលខ្លី ប៉ុន្តែមានន័យជាបំផុតនៅកម្ពុជា។
ឯកឧត្តមបានសរសេរថា មានជំនួបដ៏ល្អជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឯកឧត្តម និងសម្ដេចធីបតី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីវិធីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរួមទាំងវិស័យដែលកំពុងរីកចម្រើន ដូចជាថាមពលកកើតឡើងវិញ ឥណទានកាបូន និងសន្តិសុខស្បៀង។
ឯកឧត្តមបានបញ្ជាក់ថា៖«ដំណើរទស្សនកិច្ចរបស់ខ្ញុំស្របពេលមានភាពតានតឹងកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់ភាគីទាំងសងខាងដើម្បីអនុវត្តការអត់ធ្មត់ និងបន្ធូរបន្ថយស្ថានការណ៍ ហើយបន្តការសន្ទនាគ្នា ដើម្បីដោះស្រាយបញ្ហាដោយមិត្តភាពស្របតាមច្បាប់អន្តរជាតិ»។
ឯកឧត្តមនាយករដ្ឋមន្រ្ដីបានលើកឡើងថា ក្នុងបរិយាកាសពិភពលោកមិនច្បាស់លាស់នាពេលបច្ចុប្បន្ន ប្រទេសអាស៊ានមិនអាចទុកឱ្យមានជម្លោះបែងចែកគ្នាបានទេ។ វាជាផលប្រយោជន៍រួមរបស់ស៊ានក្នុងការធ្វើការរួមគ្នាដើម្បីការពារសន្តិភាព ពង្រឹងស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យសមាហរណកម្មអាស៊ានកាន់តែស៊ីជម្រៅ។
តាមរយៈសំណេរលើបណ្ដាញសង្គម ឯកឧត្តមនាយករដ្ឋមន្រ្ដី បានអរគុណជាថ្មីដល់កម្ពុជា សម្រាប់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅកម្ពុជា។
សូមជម្រាបថា ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ បានអញ្ជើញនិវត្តន៍ទៅសិង្ហបុរីវិញនៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជាប្រកបដោយជោគជ័យរយៈពេលមួយថ្ងៃ តបតាមសេចក្តីអញ្ជើញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕




