ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធ ២កក្កដា ថាខ្លួនកំពុងសិក្សានូវអ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហៅថាសំណើបទឈប់បាញ់ចុងក្រោយសម្រាប់តំបន់ហ្កាហ្សា ប៉ុន្តែថាអ៊ីស្រាអែលត្រូវតែដកខ្លួនចេញពីដែនដីរងការឡោមព័ទ្ធនេះ ខណៈមេដឹកនាំអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាក្រុមហាម៉ាស នឹងត្រូវបានលុបបំបាត់។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារដដែលនោះថា អ៊ីស្រាអែលបានយល់ព្រមលើលក្ខខណ្ឌដែលត្រូវការដើម្បីសម្រេចបាននូវបទឈប់បាញ់រយៈពេល៦០ថ្ងៃជាមួយក្រុមហាម៉ាស បន្ទាប់ពីអ្វីដែលលោកបានហៅថាជាកិច្ចប្រជុំដ៏យូរ និងប្រកបដោយការស្ថាបនារវាងតំណាងរបស់លោក និងក្រុមមន្ត្រីអ៊ីស្រាអែល។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បាននិយាយថា ខ្លួនកំពុងសិក្សាការផ្តល់ជូនបទឈប់បាញ់ថ្មី ដែលខ្លួនទទួលបានពីក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ប៉ុន្តែបានសង្កត់ធ្ងន់ថា ខ្លួនមានគោលបំណងឈានដល់កិច្ចព្រមព្រៀងដែលនឹងធានាដល់ការបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលចេញពីហ្កាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានអំពាវនាវឱ្យមានការលុបបំបាត់ក្រុមហាម៉ាស ក្នុងការថ្លែងជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីការប្រកាសរបស់លោក Trump ។
លោក Netanyahu បានប្រាប់កិច្ចប្រជុំមួយថា នឹងមិនមានក្រុមហាម៉ាសទេ។ យើងនឹងមិនឲ្យក្រុមនេះវិលត្រឡប់មកវិញជាដាច់ខាត។
សេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរបានរំលឹកឡើងវិញនូវគោលជំហរដែលបានប្រកាន់ខ្ជាប់ជាយូរមកហើយ ដោយពុំមានតម្រុយណាមួយថា តើកិច្ចព្រមព្រៀងមានការសម្របសម្រួលនេះ អាចសម្រេចបានឬយ៉ាងណានោះទេ។ ការប្រកាសរបស់លោក Trump បានបង្កើនក្តីសង្ឃឹមក្នុងចំណោមពលរដ្ឋហ្កាហ្សា សម្រាប់ការសង្គ្រោះបណ្តោះអាសន្នពីសង្គ្រាម៕


