ក្រុមអ្នកពន្លត់អគ្គិភ័យក្នុងប្រទេសក្រិក កាលពីថ្ងៃពុធ (០២ កក្កដា) បាននឹងកំពុងទប់ទល់អណ្តាតភ្លើងដ៏សន្ធោសន្ធៅ ដែលឆាបឆេះនៅតំបន់គោលដៅវិស្សមកាលដ៏ពេញនិយមនៃកោះក្រេត (Crete) ដោយដុតបំផ្លាញព្រៃឈើ គំរាមកំហែងផ្ទះសម្បែង និងជំរុញឱ្យមានការជម្លៀសអ្នកស្រុក និងអ្នកទេសចរជាច្រើន ពីតំបន់តាំងលំនៅយ៉ាងតិចចំនួន៤ នៅលើកោះទេសចរមួយនេះ។

សេវាពន្លត់អគ្គិភ័យក្រិកបាននិយាយថា យ៉ាងហោចណាស់អ្នកពន្លត់អគ្គិភ័យចំនួន ១៥៥នាក់ អមដោយម៉ាស៊ីន និងរថយន្តទឹក ៣៨គ្រឿង បានប្រយុទ្ធតតាំងនឹងអណ្តាតភ្លើងដ៏ក្ដៅគគុកនៅក្នុងក្រុង Ierapetra នៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះធំបំផុតរបស់ប្រទេសនេះ។
ចំហេះ ដែលផ្ទុះឡើងនៅពេលរសៀល បានរីករាលដាលកាន់តែខ្លាំងដោយកម្លាំងខ្យល់កន្ត្រាក់ ដែលរារាំងដល់កិច្ចប្រឹងប្រែងពន្លត់អណ្ដាតភ្លើង និងបានឆាបឆេះផ្នែកដែលពន្លត់រួចឡើងវិញ។ កងពន្លត់អគ្គិភ័យនិយាយថា កម្លាំងជំនួយបន្ថែមទៀតកំពុងធ្វើដំណើរតាមទូក និងយន្តហោះពីទីក្រុងអាតែន។
ស្ថានីយទូរទស្សន៍ក្រិកក្នុងស្រុកបានរាយការណ៍ថា លំនៅឋានមួយចំនួនរងការខូចខាត។ រហូតមកដល់ពេលនេះ មិនមានរបាយការណ៍ពីអ្នករងរបួសទេ។ នៅមុននោះ អាជ្ញាធរបានបញ្ជាឱ្យជម្លៀសពីតំបន់ Achlia និងទីតាំងទីលំនៅ ៣កន្លែងបន្ថែមទៀត ក្នុងតំបន់ដ៏ធំទូលាយ។ ក្រុមមន្ត្រីក្នុងតំបន់និយាយថា មនុស្សប្រហែល ៣.០០០នាក់ ដែលជម្លៀសពីភូមិនានាពីមុនមក ពេលនេះត្រូវនាំទៅកាន់ទីជម្រកបណ្តោះអាសន្នដើម្បីស្នាក់នៅគេចពីគ្រោះថ្នាក់៕

