មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃពុធ (០២ កក្កដា) ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំមកពីប្រទេសអាហ្វ្រិកចំនួន ៥រូប ក្នុងទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពី "ឱកាសពាណិជ្ជកម្ម" ដ៏សំខាន់។

មន្ត្រីរូបនោះនិយាយថា លោក Trump នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំមកពីប្រទេសហ្កាបុង ហ្គីណេប៊ីស្សូ លីបេរីយ៉ា ម៉ូរីតានី និង សេណេហ្កាល់ សម្រាប់កិច្ចពិភាក្សា និងអាហារថ្ងៃត្រង់នៅឯសេតវិមាននៅថ្ងៃទី០៩ ខែកក្កដា។
មន្ត្រីរូបនេះបានបន្តថា "លោកប្រធានាធិបតី Trump ជឿជាក់ថា បណ្តាប្រទេសនៅអាហ្រ្វិកទាំងនោះផ្តល់ឱកាសពាណិជ្ជកម្មមិនគួរឱ្យជឿដែលមានផលប្រយោជន៍ទៅមកទាំងប្រជាជនអាមេរិក និងដៃគូអាហ្វ្រិក" ដោយនោះជាហេតុផលដែលកិច្ចប្រជុំត្រូវបានរៀបចំឡើង។
សារព័ត៌មាន Africa Intelligence និង Semafor បានរាយការណ៍មុននោះថា រដ្ឋបាលលោក Trump នឹងរៀបចំកិច្ចប្រជុំកំពូលសម្រាប់ប្រទេសទាំងប្រាំនៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី០៩-១១ ខែកក្កដា។
គួរឱ្យដឹងថា រដ្ឋបាលលោក Trump បានកាត់ផ្តាច់ជំនួយបរទេសទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក សម្រាប់ទ្វីបអាហ្រ្វិក ដែលជាផ្នែកមួយនៃផែនការទប់ស្កាត់ការចំណាយខ្ជះខ្ជាយ និងមិនស្របតាមគោលនយោបាយ "យកអាមេរិកជាធំ" របស់លោក Trump ហើយបាននិយាយថា ខ្លួនចង់ផ្តោតលើពាណិជ្ជកម្ម និងការវិនិយោគ និងជំរុញឱ្យមានវិបុលភាពទៅវិញទៅមក៕

