សារព័ត៌មាន KFF Health News របស់អាមេរិក បានរាយការណ៍កាលពីថ្ងៃពុធ (០២ កក្កដា) ថា ក្រុមមន្ត្រីសុខាភិបាលនៅទូទាំងរដ្ឋកាលីហ្វ័រនីញ៉ា ហ្វ្លរីដា និងតិចសាស់ របស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការពិតដ៏គួរឱ្យភ័យខ្លាច ជាមួយនឹងកំណើនករណីជំងឺគ្រុនឈាមជិតទ្វេដងនៅទូទាំងប្រទេស ក្នុងសញ្ញាដ៏គ្រោះថ្នាក់មួយថា ជំងឺឆ្លងពីមូសខ្លាខាំនេះ អាចក្លាយជាជំងឺអចិន្ត្រៃយ៍នៅក្នុងសហគមន៍។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ការឆ្លងជំងឺគ្រុនឈាមថ្មីប្រហែល ៣.៧០០ករណី ត្រូវរាយការណ៍កាលពីឆ្នាំ២០២៤ ក្នុងសហរដ្ឋអាមេរិក ពោលគឺកើនឡើងពីប្រហែល ២.០៥០ករណី ក្នុងឆ្នាំ២០២៣ ហើយកំណើននេះរួមមាន ១០៥ករណីកត់ត្រានៅរដ្ឋកាលីហ្វ័រនីញ៉ា ហ្វ្លរីដា ឬតិចសាស់ - ជាការឆ្លងក្នុងស្រុកច្រើនជាងតាមរយៈការធ្វើដំណើរអន្តរជាតិ។
កាលីហ្វ័រនីញ៉ាបានមើលឃើញកំណើនជំងឺគ្រុនឈាមច្រើនបំផុត ដោយទិន្នន័យរបស់រដ្ឋបង្ហាញថា ក្នុងឆ្នាំ២០២៤ រដ្ឋនេះមានករណីជំងឺគ្រុនឈាមថ្មី ៧២៥នាក់ ដែលក្នុងនោះមាន ១៨ករណីកើតឡើងនៅក្នុងស្រុក។ គួរឱ្យដឹងថា ជំងឺគ្រុនឈាមរីករាលដាលតាមរយៈការខាំពីមូសខ្លាប្រភេទ Aedes ដែលជាភ្នាក់ងារចម្លងមេរោគមួយដ៏គ្រោះថ្នាក់។
កាលពី ២៥ឆ្នាំមុន មូសចម្លងជំងឺគ្រុនឈាមប្រភេទនេះហាក់មិនមានសោះឡើយនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែឥឡូវនេះ មូសខ្លាទាំងនោះត្រូវបានរកឃើញនៅក្នុង ២៥តំបន់ និងជាង ៤០០ទីក្រុង និងសហគមន៍ របស់អាមេរិក ដែលភាគច្រើននៅតំបន់កាលីហ្វ័រនីញ៉ាភាគខាងត្បូង និងជ្រលងភ្នំភាគកណ្តាល៕

