កងកម្លាំងរុស្ស៊ី បង្កើនការវាយលុកផ្នែកយោធារបស់ខ្លួនលើសមរភូមិមុខចំនួនពីរគឺតំបន់ Donetsk និង Sumy របស់អ៊ុយក្រែន ដោយបង្កើនសម្ពាធកាន់តែខ្លាំងលើទ័ពបម្រុងដ៏មានតម្លៃរបស់ទីក្រុងគីវ និងគំរាមកំហែងពង្រីកការប្រយុទ្ធទៅកាន់តំបន់អ៊ុយក្រែនថ្មីមួយ ខណៈភាគីនីមួយៗស្វះស្វែងរកផលចំណេញពីសមរភូមិ មុនពេលរដូវប្រយុទ្ធចុះខ្សោយនៅរដូវស្លឹកឈើជ្រុះ។

ក្រុមអ្នកវិភាគ និងមេបញ្ជាការយោធានិយាយថា ទីក្រុងមូស្គូមានបំណងបង្កើនការទទួលបានទឹកដីបន្ថែម មុនពេលពិចារណាយ៉ាងហ្មត់ចត់លើបទឈប់បាញ់ពេញលេញមួយ។ អ៊ុយក្រែន ចង់ពន្យឺតការវាយរុលរបស់រុស្ស៊ី ឱ្យយូរតាមដែលអាចធ្វើទៅបាន ហើយស្រោចស្រង់ការខាតបង់យ៉ាងខ្លាំងរបស់ខ្លួន។
ផែនទីសង្រ្គាមបើកចំហបានបង្ហាញថា កងកម្លាំងវិមានក្រឹមឡាំង កំពុងទទួលបានទឹកដីជាបន្តបន្ទាប់នៅមជ្ឈមណ្ឌលដឹកជញ្ជូនយុទ្ធសាស្ត្រភាគខាងកើតនៃទីក្រុង Pokrovsk របស់អ៊ុយក្រែន ដែលការដណ្ដើមបានក្រុងដ៏សំខាន់នេះនឹងផ្តល់ជ័យជម្នះក្នុងសមរភូមិដ៏ធំមួយ និងនាំពួកគេឱ្យខិតកាន់តែជិតការទទួលបានតំបន់ Donetsk ទាំងមូល។ ការប្រយុទ្ធនៅទីនោះក៏រុលទៅកៀកព្រំដែននៃតំបន់ Dnipropetrovsk ដែលនៅជិតខាងជាលើកដំបូង ដោយគំរាមកំហែងពង្រីកការប្រយុទ្ធទៅកាន់តំបន់អ៊ុយក្រែនថ្មីមួយ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងទីក្រុងមូស្គូ មិនឱ្យពង្រឹងជំហរនៅភាគខាងកើត កងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមវាយកម្ទេចក្រុមទាហានល្អបំផុត និងរឹងមាំបំផុតរបស់រុស្ស៊ីមួយចំនួន ដែលនៅចម្ងាយរាប់រយគីឡូម៉ែត្រពីតំបន់ Sumy ភាគឦសាន នៅក្នុងអ្វីដែលប្រវត្តិវិទូយោធារុស្ស៊ី-អង់គ្លេស បានហៅថានោះជា "សេណារីយ៉ូល្អបំផុតសម្រាប់អ៊ុយក្រែន"៕

