ជនអន្តោប្រវេសន៍ជាង១០០នាក់ បានចេញដំណើរតាមទូកតូចៗចំនួនពីរគ្រឿង ពីទីក្រុងឆ្នេរ Gravelines របស់ប្រទេសបារាំងកាលពីថ្ងៃពុធ ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។ ជនអន្តោប្រវេសន៍មួយក្រុមផ្សេងទៀត បានព្យាយាមឡើងលើទូកមួយប៉ុន្តែបានវិលត្រឡប់វិញ ខណៈអ្នកផ្សេងៗទៀតដើរតាមវាលខ្សាច់ ដោយខ្លះពាក់អាវពោងសង្គ្រោះជីវិត។

ទិន្នន័យពីក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេសបានបង្ហាញថា ជនអន្តោប្រវេសន៍ចំនួន៨៧៩នាក់ បានទៅដល់កាលពីថ្ងៃចន្ទ ទី៣០ខែមិថុនា ដោយធ្វើឲ្យចំនួនសរុបសម្រាប់ឆមាសទីមួយឆ្នាំ២០២៥នេះ ឡើងដល់១៩.៩៨២នាក់ ជាការកើនឡើង៥០% ពីដើមឆ្នាំមុន។ តួលេខនេះ គឺជាកំណត់ត្រាខ្ពស់បំផុតសម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដោយបន្ថែមសម្ពាធលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ខណៈរដ្ឋាភិបាលធ្វើការដើម្បីកាត់បន្ថយចំនួននេះ។

ជនអន្តោប្រវេសន៍ រួមមានទាំងស្ត្រី និងកុមារ បានឡើងជិះទូកធ្វើដំណើរឆ្លងកាត់ព្រែកជីកទៅអង់គ្លេសពីប្រទេសបារាំង។
បុរសជាជនអន្តោប្រវេសន៍អាយុ២៥ឆ្នាំម្នាក់ មកពីប្រទេសអាហ្វហ្គានីស្ថានដែលមិនចង់បង្ហាញអត្តសញ្ញាណបាននិយាយថា លោកបានចាកចេញពីប្រទេសរបស់លោកដោយសារតែវាគ្មានសុវត្ថិភាព ហើយលោកសង្ឃឹមថានឹងទទួលបានឋានៈជាជនភៀសខ្លួននៅចក្រភពអង់គ្លេស។