អ្នកនាំពាក្យប្រទេសចិន បាននិយាយកាលពីថ្ងៃពុធ (០២ កក្កដា) ថា អ្វីដែលហៅថា "ការបង្រៀន ១០ចំណុចស្តីពីការរួបរួម" ដែលធ្វើឡើងដោយមេដឹកនាំតំបន់តៃវ៉ាន់ លោក Lai Ching-te បានលាតត្រដាងជាថ្មីម្តងទៀតនូវចេតនាដ៏អាក្រក់របស់លោកក្នុងការពឹងផ្អែកលើកងកម្លាំងបរទេសដើម្បីស្វែងរក "ឯករាជ្យភាពតៃវ៉ាន់" និងប្រើប្រាស់មធ្យោបាយយោធាដើម្បីស្វែងរកឯករាជ្យ។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានលើកឡើងបែបនេះក្នុងការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងសុន្ទរកថានាពេលថ្មីៗនេះរបស់លោក Lai ដែលលោកបាននិយាយអំពីទំនាក់ទំនងឆ្លងច្រកសមុទ្រ។
លោក Chen បាននិយាយថា ការលើកឡើងរបស់លោក Lai គឺផ្ទុយទៅនឹងមតិសាធារណៈទូទៅនៅលើកោះតៃវ៉ាន់ ដែលចង់បានសន្តិភាព និងការអភិវឌ្ឍ ដោយមិនគិតពីសុវត្ថិភាព និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ជាថ្មីពីគោលជំហរដ៏រឹងមាំរបស់ប្រទេសចិនថា គំនិតផ្ដាច់ខ្លួននិយមនៃ "ឯករាជ្យតៃវ៉ាន់" គឺជាគ្រោះមហន្តរាយដ៏ធំបំផុតសម្រាប់តំបន់របស់ចិនមួយនេះ។
លោក Chen បានបន្ថែមថា លោក Lai រឹងរូសខ្លាំងណាស់នៅលើផ្លូវនៃការឃោសនាលក់ និងបំផ្លាញកោះតៃវ៉ាន់ ក្នុងនាមឯករាជ្យភាព ដោយមានចេតនាញុះញង់ឱ្យមានការប្រឆាំងឆ្លងច្រកសមុទ្រ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ខណៈហៅលោក Lai ថាជា "ជនបំផ្លាញសន្តិភាព" "បង្កសង្រ្គាម" និង "អ្នកបង្កបញ្ហាដ៏ល្បីល្បាញ"៕

