លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (០២ កក្កដា) សប្ដាហ៍នេះថា ប្រជាជនរុស្ស៊ីជាង ២១០.០០០នាក់ បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ ដើម្បីប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាការស្តីពីការផ្តល់កម្លាំងប្រដាប់អាវុធ លោក Medvedev បាននិយាយថា៖ "ល្បឿននេះគឺសមរម្យល្អណាស់ ហើយសង្ឃឹមថា រុស្ស៊ីនឹងអាចរក្សាសន្ទុះដូចគ្នានាពេលអនាគត"។ លោក Medvedev បន្ថែមថា បុគ្គលចំនួន ១៨.០០០នាក់បន្ថែមទៀត បានចូលរួមជាមួយអង្គភាពស្ម័គ្រចិត្ត។
ការចូលបម្រើទ័ពដ៏ច្រើនលើសលប់នេះកើតឡើងនៅពេលដែលរុស្ស៊ី បន្តបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួន បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងដៃគូអឺរ៉ុប ឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌមួយក៏ដោយ។
យោងតាមចារកម្មសម្ងាត់របស់លោកខាងលិច និងអ៊ុយក្រែន ដែលដកស្រង់ដោយកាសែត Wall Street Journal បានបង្ហាញថា កងកម្លាំងរុស្ស៊ី ជ្រើសរើសទាហានថ្មីពី ៣០.០០០ ទៅ ៤៥.០០០នាក់ក្នុងមួយខែ ដោយនេះជាចំនួនជិតពីរដងនៃអត្រាចល័តទ័ពរបស់ទីក្រុងគីវ ដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និយាយថា យោធាមានកងទ័ព ២៥.០០០ ទៅ ២៧.០០០នាក់ ក្នុងមួយខែ៕

